សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។ «សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួបព្យុះសង្ឃរាពេលធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅកោះនោះ។ ស្ដេចនោះក៏បានប្រទះឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មត់ដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន ។ សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម២ ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម២ នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម២ ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗនានាទៅកាន់កោះធំៗ តាមរយៈការចាក់ដីតភ្ជាប់ផងដែរ។ សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេគឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុងអាងសិប្បនិម្មិត។ សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។ សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ចំនួន ១០,២លាននាក់បានមកទស្សនាសិង្ហបុរីក្នុងឆ្នាំ ២០០៧ ។ សិង្ហបុរីទទួលស្គាល់ភាសាផ្លូវការ៤គឺ ភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ […]