ការតស៊ូ

ជីវិតគឺជាការតស៊ូ ប៉ុន្តែត្រូវមានស្មារតីក្នុងការតស៊ូ

ការតស៊ូ គឺជារឿងជាមួយល្អណាស់ក្នុងការលើកមកនិយាយ ប៉ុន្តែតើមនុស្សអាចអភិវឌ្ឍការតស៊ូឡើងបានដោយរបៀបណា? តើមនុស្សអាចជំនះរាល់ការលំបាក ឧបសគ្គដោយរបៀបណា? ខណៈដែលមនុស្សដទៃបោះបង់ដោយសារតែជួបការលំបាក ឬ ឧសគ្គនោះ ។ នៅពេលណាដែលយើងគ្មាននៅសល់អ្វីៗទាំងអស់ហើយសូម្បីតែមិត្តក៏បាត់ស្រមោល តើយើងត្រូវធ្វើដូចម្តេច? តើនៅពេលដែលគ្មាននណាម្នាក់មកជិត តើមាននរណាអាចជួយយើងបាន? ខ្ញុំនិងមិននិយាយពីទិដ្ឋភាពនៃអារម្មណ៍ទេប៉ុន្តែខ្ញុំគ្រាន់តែចង់ពោលថាក្នុងអំឡុងពេលយើងបរាជ័យមានតែខ្លួនយើងទេដែលអាចជួយខ្លួនឯងបានដោយស្មារតីរបស់យើង។ ស្មារតីរបស់យើងគឺជាវត្ថុតែមួយគត់ដែលអាចទាញយើងចេញពីរណ្តៅ មិនមែនមិត្តភក្តិ ឬ ឳពុកម្តាយ ឬ ប្តី/ប្រពន្ធរបស់យើងដែលអាចជួយយើងបាននោះទេ ពួកគេគ្រាន់តែអាចជួយលើកទឹកចិត្តប៉ុណ្ណោះ គឺមានតែស្មារតីទេដែលអាចជួយខ្លួនឯងបាន។ ប្រសិនបើស្មារតីរបស់យើង មើលមិនឃើញពីលទ្ធផលជោគជ័យនោះទេ យើងនិងបាត់បង់នូវឆន្ទះក្នុងការតស៊ូ។ មនុស្សភាគច្រើននៅពេលបរាជ័យ ពួកគេក៏បាត់បងស្មារតីផងដែរ ជាហេតុនាំពួកគេកាន់តែដុនដាបទៅ ប្រសិនបើពួកគេមិនព្យាយាមធ្វើអោយស្មារតីរបស់ពួកគេជាសះស្បើយទេ ពួកគេនិងមិនអាចងើបឡើងវិញបានម្តងទៀត ។មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ចូរកុំអោយក្តីសុបិន្តរបស់អ្នកបំផ្លាញដោយអ្វីៗដែលកើតឡើងក្រៅខ្លួនរបស់អ្នកអោយសោះ។ មនុស្សជាច្រើនទុកអោយលទ្ធផលបច្ចុប្បន្នត្រួតត្រាស្មារតីរបស់ពួកគេ។ ឧទាហរណ៍ថា ប្រសិនបើបច្ចុប្បន្នពួកគេក្រីក្រ ពួកគេប្រើស្ថានភាពក្រីក្រជាមូលដ្ឋានបង្កើតជាអារម្មណ៍យល់ថាខ្លួនឯងក្រ បរាជ័យ ដែលវានិងជ្រាបបន្តិចម្តងៗក្នុងគំនិតដោយគ្មានការពិចារណា ដូចសុភាសិតមួយពោលថា៖ “ចូរទទួលខុសត្រូវចំពោះគំនិតរបស់អ្នក​ដើម្បីអោយអ្នកអាចធ្វើនូវអ្វីដែលអ្នកត្រូវការ”។