អ្វីជាសញ្ញាប័ណ្ណ (Bond)?
ដើម្បីទទួលបានដើមទុនចាប់ផ្ដើម ប្រតិបត្តិនិងពង្រីកអាជីវកម្ម ក្រុមហ៊ុនសាជីវកម្មពឹងផ្អែកទៅលើប្រភេទហិរញ្ញប្បទាន២គឺ ហិរញ្ញប្បទានបំណុល និងកម្មសិទ្ធិ។ ទន្ទឹមគ្នានោះ មូលបត្រ (securities) ក៏ចែកចេញជា២ផងដែរ គឺមូលបត្របំណុល (bond) និង មូលបត្រកម្មសិទ្ធិ (share) ដែលត្រូវបានដាក់លក់នៅលើទីផ្សារមូលបត្រ។ ដូច្នេះ នៅក្នុង ក្រុមហ៊ុនសាជីវកម្ម ហិរញ្ញប្បទានបំណុលគឺចង់សម្ដៅទៅលើមូលបត្របំណុលហើយហិរញ្ញប្បទានកម្មសិទ្ធគឺសំដៅលើមូលបត្រកម្មសិទ្ធិ។ នៅពេលនេះ Sabay សូមលើកយកមូលបត្របំណុល (Bond) មកធ្វើការបកស្រាយមួយសិន។ មូលបត្របំណុល ឬហៅម្យ៉ាងទៀតថាសញ្ញាប័ណ្ណ គឺជាកម្ចីរយៈពេលវែងមួយដែលបោះផ្សាយក្នុងទម្រង់ជាមូលបត្រដោយក្រុមហ៊ុនសាជីវកម្ម រដ្ឋាភិបាល ឬភ្នាក់ងាររដ្ឋាភិបាលណាមួយ។ សញ្ញាប័ណ្ណទាំងអស់គឺជាកម្ចីដែលផ្ដល់ដោយអ្នកកាន់កាប់សញ្ញាប័ណ្ណ (អ្នកទិញ) ទៅឲ្យ ក្រុមហ៊ុនបោះផ្សាយសញ្ញាប័ណ្ណ (អ្នកលក់)។ សញ្ញាប័ណ្ណមួយគឺជាការសន្យារបស់ក្រុមហ៊ុនបោះផ្សាយ ថានឹងសងត្រឡប់មកវិញនូវចំនួនដែលបានខ្ចី និង ការប្រាក់ ទៅតាមគ្រាដល់អ្នកទិញ។ ការប្រាក់អាចសងជាដំណាក់កាលនៅអំឡុងពេលនៃការឲ្យខ្ចី ឬបង់ផ្ដាច់តែម្ដងនៅពេលប្រាក់កម្ចីត្រូវសងត្រឡប់ឲ្យម្ចាស់បំណុលវិញ។ សញ្ញាប័ណ្ណត្រូវបានគេហៅម្យ៉ាងទៀតថា ជាឧបករណ៍វិនិយោគហិរញ្ញវត្ថុដែលមានចំណូលថេរ ព្រោះបរិមាណនៃចំណូលដែលបានពីការទិញសញ្ញាប័ណ្ណគឺថេរពីព្រោះវាមានបញ្ជាក់ពីអត្រាការប្រាក់រួចជាស្រេច។ ប្រាក់កម្ចីត្រូវតំណាងដោយឯកសារមួយសន្លឹក និងត្រូវបង់ការប្រាក់ជាដំណាក់កាល។ ប័ណ្ណបញ្ជាក់ នេះ គេឲ្យឈ្មោះថា Coupon […]