ការកម្ចាត់ជំងឺផ្សិតលើដំណាំ

ផ្សិត (Fungi) គឺជាភ្នាក់ងារមួយ ដែលបង្កជំងឺលើរុក្ខជាតិ ។ ជំងឺផ្សិតសំខាន់ៗរួមមានជំងឺប្លាស (Rice Blast) លើដំណាំស្រូវ ជំងឺអង់ត្រាក់ណូសលើម្ទេសជាដើម ។ 

Chili disease

ជំងឺបង្ករដោយផ្សិត លើដំណាំបន្លែមានរោគសញ្ញាដូចជាស្នាមអុច និង ស្រពោនជាដើម ។ ស្នាមអុចកើតឡើងដោយសារ ការងាប់កោសិការ នៃរុក្ខជាតិ ភាពស្រពោនអាចបង្ករដោយការងាប់ផ្នែកខាងក្នុងនៃដើម ដែលបង្អាក់ដល់ការស្រូបយកទឹកពីក្នុងដីរបស់ដំណាំ ។
ដើម្បីទប់ទល់នឹងជំងឺផ្សិត កសិករបានអនុវត្តវិធានការណ៍មួយចំនួនដូចជា វិធានការដាំដុះ តាមរយៈការសំអាតចំការ ការប្រើគ្រាប់ពូជដែល គ្មានជំងឺផ្សិត និង ការជ្រើសរើសទីតាំងឲ្យបានសមស្រប ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលមានការបំផ្លាញខ្លាំង និង ការជួបប្រទះកន្លងមកនូវទំហំនៃការខូចខាតធ្ងន់ធ្ងរពីរដូវមុន កសិករបានប្រើប្រាស់ថ្នាំផ្សិតសំរាប់បាញ់ការពារ និង ការព្យាបាល ។ ប៉ុន្តែ ការប្រើប្រាស់កម្មវិធីប្រើថ្នាំផ្សិតមិនបានត្រឹមត្រូវ បានជំរុញផ្សិតកាន់តែមានភាពធន់ ហើយប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំថយចុះ ។ 

តើការប្រើប្រាស់ថ្នាំរបៀបណា ដែលជំរុញឲ្យមានការធន់? 

សូមបង្ហាញយ៉ាងសង្ខេបនូវ យន្តការ ថ្នាំផ្សិតសំលាប់ផ្សិត តាមរយៈការបង្អាក់នូវដំណើការសំយោគ ធាតុណាមួយ ឬ ធាតុច្រើន ដែលត្រូវការសំរាប់ការលូតលាស់ ។ ថ្នាំផ្សិតខ្លះ អាចសំលាប់ផ្សិត ដោយការបង្អាក់ដំណើរការតែមួយ ថ្នាំផ្សិតខ្លះទៀតអាចបង្អាក់ដំណើរការច្រើន ។ គួរបញ្ជាក់ផងដែរថា ថ្នាំផ្សិត មានធាតុសកម្មផ្សេងគ្នា តែមានយន្តការនៃការបង្អាក់ដូចគ្នា ត្រូវបានគេចាត់ទុកក្នុងក្រុមតែមួយ ។ ការធន់របស់ផ្សិតអាចកើតឡើងដោយសារ ការប្រើប្រាស់ថ្នាំដែល មានគំរូសកម្មភាពនៃការបង្អាក់ដូចៗគ្នា ដដែលជាច្រើនដង ។ ជាទូទៅ នៅក្នុងសហគមន៍របស់ផ្សិត វាមានភាពខុសគ្នា នៃសំភារៈសេនេទិច (ហ្សែន) ដែលកំណត់ឲ្យមានភាពខុសគ្នានូវដំណើរការនៃការសំយោគ សារធាតុណាមួយដូចគ្នា ។ នោះគឺមានន័យថា នៅពេល កសិករបាញ់ថ្នាំផ្សិត គាត់អាចសម្លាប់បានតែផ្សិត ដែលមានដំណើរការសំយោគដែលអាចត្រូវបានបង្អាក់ថ្នាំ ហើយពូជផ្សិតណាដែលមាន ដំំណើរការសំយោគផ្សេង មិនរងផលប៉ះពាល់ឡើយ ។ ការ នេះ កាន់តែបង្ករលក្ខណៈងាយស្រួល ដល់ពូជផ្សិតដែលមិនរងផលប៉ះពាល់ ឬ ធន់ ដុះលូតលាស់បានលឿន ដោយសារពុំសូវមានការប្រកួតប្រជែងជាមួយផ្សិតពូជផ្សេងទៀត ហើយមានលទ្ធភាពផ្តល់កំណើតដល់ផ្សិត ជំនាន់ ក្រោយដែលភាគច្រើនមានលក្ខណៈ មិនរងផលប៉ះពាល់ពីថ្នាំផ្សិត ឬ ធន់នឹងថ្នាំផ្សិត ។

ដើម្បីកាត់បន្ថយ ឳកាសនៃការធន់នឹងថ្នាំផ្សិត កសិករគួរប្រើថ្នាំផ្សិត ដោយមានការផ្លាស់ប្តូរថ្នាំដែលគំរូសកម្មភាពផ្សេងៗគ្នា ។ ឧទាហរណ៍ លើកទី១ ប្រើថ្នាំផ្សិត ដែលមានគំរូសកម្មភាពបង្អាក់ដំណើរសំយោគធាតុច្រើន ជាថ្នាំសម្រាប់ការពារ លើកទីពីរប្រើថ្នាំផ្សិតដែលដែលមានគំរូសកម្មភាពបង្អាក់ដំណើរសំយោគតែមួយ លើកទីបីប្រើថ្នាំផ្សិតដែលដែលមានគំរូសកម្មភាពបង្អាក់ដំណើរសំយោគតែមួយ តែមានគំរូសកម្មភាពខុសពីថ្នាំប្រើលើកទីពីរ ។ មន្ត្រីបច្ចេកទេសអាច រកព័ត៌មានពីលក្ខណៈនៃថ្នាំផ្សិត ក្នុងវេបសាយត៍ http://www.frac.info/

ប្រភព​: AgriToday

Advertisements