ប្រទេសសិង្ហបុរី (Singapore)

សិង្ហបុរីកើតឡើងពីកោះសរុប ៦៣កោះ ដែលកោះធំជាងគេគឺកោះសិង្ហបុរី។

«សិង្ហបុរី» មានន័យថា បុរីនៃសត្វសិង្ហ។ មានរឿងនិទានតំនាលថា មានស្ដេចមួយអង្គបានជួប​ព្យុះសង្ឃរាពេល​ធ្វើដំនើរតាមសំពៅរួចក៏ចូលសំចតនៅ​កោះនោះ។ ស្ដេចនោះក៏បានប្រទះ​ឃើញនៅលើឆ្នេរខ្សាច់នូវសត្វមួយក្បាលដែលមានរាងរូវដូចសត្វតោ រួចក៏សន្មត់ដាក់ឈ្មោះកោះនោះថាជាបុរីនៃសត្វសិង្ហ។ តែតាមការសិក្សានាពេលថ្មីៗនេះបានអោយដឹងថា កោះនេះមិនធ្លាប់មានសត្វតោរស់នៅទេ។ សត្វតោនៅក្នុងរឿងនិទាននោះ អាចប្រហែលជាសត្វខ្លាម៉ាឡាយ៉ាន ។

សិង្ហបុរីមានគំរោងវាតដីពីសមុទ្រដោយយកដីពីកូនភ្នំនានារបស់ខ្លួន ដីពីបាតសមុទ្រនិងពីប្រទេសជិតខាងមកចាក់បំពេញ។ ជាលទ្ឋផល ផ្ទៃដីសិង្ហបុរីបានកើនឡើងពី ៥៨១,៥ គ.ម២ ក្នុងឆ្នាំ ១៩៦០ មក ៧០៤ គ.ម២ នាពេលបច្ចុប្បន្ន។ សិង្ហបុរីមានគំរោងនឹងពង្រីកបន្ថែម ១០០ គ.ម២ ទៀតមុនឆ្នាំ២០៣០។ គំរោងនេះក៏បានតភ្ជាប់កោះតូចៗ​នានា​ទៅកាន់កោះធំៗ តាមរយៈ​ការចាក់ដី​តភ្ជាប់ផងដែរ។

សិង្ហបុរីគ្មានស្ទឹងឬបឹងទឹកសាបធម្មជាតិទេ។ ប្រភពផ្គត់ផ្គង់ទឹកសាបក្នុងស្រុកនិងចំបងជាងគេ​គឺ ទឹកភ្លៀង ដែលត្រូវបានស្ដុកទុកក្នុង​អាងសិប្បនិម្មិត។

សិង្ហបុរីស្ថិតក្នុងចំនោមកូននាគទាំង៤នៅអាស៊ី ដែលក្នុងនោះមាន ហុងកុង កូរ៉េខាងត្បូង និង តៃវ៉ាន់ ផងដែរ។

សេដ្ឋកិច្ចសិង្ហបុរីពឹងផ្អែកលើការធ្វើពាណិជ្ចកម្ម និងការនាំចេញផលិតផលសំរេចជាពិសេសផលិតផលឧស្សាហកម្ម

សិង្ហបុរីជាគោលដៅទេសចរណ៍ដ៏ពេញនិយម។ ទេសចរណ៍ចំនួន ១០,២លាន​នាក់បានមកទស្សនាសិង្ហបុរី​ក្នុងឆ្នាំ ២០០៧ ។

សិង្ហបុរីទទួលស្គាល់ភាសាផ្លូវការ៤គឺ ភាសាអង់គ្លេស ភាសាម៉ាឡេ ភាសាចិនកុកងឺ និងភាសាតាមិល។ ៨០%នៃជនជាតិសិង្ហបុរីចេះភាសាអង់គ្លេសជាភាសាទី១ឬទី២។ ចិនជាភាសាបន្ទាប់ដែលមានមនុស្សនិយាយច្រើន។

ប្រជាជនសិង្ហបុរី​អាស្រ័យខ្លាំងលើសេវ៉ាកម្មឡានក្រុង ក្នុងការធ្វើដំនើរទៅសាលាឬកន្លែងធ្វើការ។ 

សិង្ហបុរីជាមជ្ឍមណ្ឌលដឹកជញ្ជូនយ៉ាងសំខាន់មួយនៅអាស៊ីដោយប្រទេសនេះស្ថិតនៅចំលើផ្លូវជំនួញតាមសមុទ្រ​និងអាកាសជាច្រើន។ កំពង់ផែសិង្ហបុរីជាកំពង់ផែមមាញឹកជាងគេលើពិភពលោកនៅឆ្នាំ២០០៥។

Advertisements