ក្នុងនាមជាសហគ្រិន ដែលបានប្រើប្រាស់ពេលវេលានិងកម្លាំងច្រើនក្នុងការបណ្តាក់ទុនរកលុយអោយបានច្រើន។ ការរកលុយ មានសារៈសំខាន់ណាស់សម្រាប់ការទ្រទ្រង់ជីវភាពគ្រួសារ ប៉ុន្តែរឿងខ្លះសំខាន់ជាងលុយ ប្រសិនបើយើងមិនអើពើនឹងវា ធ្វើអោយលុយរបស់អ្នកគ្មានតំលៃ។ នេះគឺជាចំណុចសំខាន់ៗទាំង ៥ ដែលគួរតែយកចិត្តទុកដាក់ចំបង៖
1. សុខភាពរបស់អ្នក
ក្នុងនាមជាសហគ្រិនអ្នកចំណាយពេលច្រើនម៉ោងក្នុងការគិតអំពីជំនួញ។ ប្រសិនបើមិនដូច្នោះទេអាចនិងមានគ្រោះថ្នាក់ដល់អាជីវកម្មនឹងបរាជ័យ។ តែទោះបីជាយ៉ាងណាក៏ដោយសុខភាពជារឿងសំខាន់ទីមួយដែលត្រូវយកចិត្តទុកដាក់ដូចជា ការញ៉ាំត្រឹមត្រូវ ការដេកបានគ្រប់គ្រាន់ ការផឹកទឹកអោយបានច្រើន និង ការហាត់ប្រាណជាដើម។ល។អាជីវកម្មរបស់អ្នកត្រូវការអ្នកដែលរឹងមាំបំផុត។ នោះមានន័យថាអ្នកត្រូវថែទាំសុខភាពអោយបានល្អដើម្បីអ្នកមានគំនិតថ្មី ច្បាស់លាស់ និងអាចដឹកនាំក្រុមអ្នកទៅរកអនាគតដែលពោរពេញដោយភាពជោគជ័យ។
2. គ្រួសាររបស់អ្នក
អ្នកចង់ផ្តល់ឱ្យកូនអ្នកនូវជីវិតល្អប្រសើរនៅពេលពួកគេធំឡើង។ ប៉ុន្តែការខិតខំរកប្រាក់ធ្វើអោយអ្នកមានពេលវេលាតិចតួចសម្រាប់គ្រួសារ។ អ្នកចំណាយពេលពេញមួយថ្ងៃនៅការិយាល័យ ហើយពេលត្រឡប់មកផ្ទះដោយភាពនឿយហត់និងការងារ អ្នកត្រូវការសម្រាក ដែលធ្វើអោយអ្នកគ្មានពេលសម្រាប់ប្តី/ប្រពន្ធនិងកូនៗរបស់អ្នក។អ្នកគួរចងចាំថា គ្រួសារជាកន្លែងផ្ដល់នូវការអប់រំដំបូង ដែលអ្នកត្រូវគិតគូរយកចិត្តទុកដាក់មុនគេ។ ព្រោះការអប់រំដំបូងអាចផ្តល់ទម្លាប់ល្អឬអាក្រក់។ ប្រសិនបើការអប់រំបានល្អពីដំបូង នោះការអប់រំបន្ដនឹងទៅជាការងាយស្រួល ប៉ុន្តែបើការអប់រំដំបូងអាក្រក់វិញការអប់រំបន្ដមុខជាពិបាកខ្លាំងណាស់។ ដូច្នេះគ្រួសារគឺជាទីកន្លែងគំរូល្អបំផុត សម្រាប់អប់រំសីលធម៌ ចំណេះដឹងនិងជំនាញ។ ហេតុនេះ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លាបំផុត ចំពោះសុខុមាលភាពក្រុមគ្រួសារ ដោយជួយសម្រួលជីវភាពរស់នៅ និងសន្ដិសុខឱ្យបានល្អ ។
3. ជំនឿរបស់អ្នក
នៅទីនេះមិនសំដៅជំនឿសាសនាទោះទេ។ ជំនឿដែលខ្ញុំកំពុងនិយាយគឺជាជំនឿដែលអ្នកមាននៅក្នុងខ្លួនដើម្បីសំរេចក្តីសុបិន្ត និងអាជីវកម្មរបស់អ្នក។ អ្នកត្រូវតែជឿជាក់លើខ្លួនឯងនិងជឿជាក់លើអ្វីដែលអ្នកកំពុងធ្វើដើម្បីសំរេចគោលដៅរបស់អ្នក។ តើត្រូវធ្វើដូចម្តេចដើម្បីអោយយើងមានជំនឿលើខ្លួនឯង? អ្នកត្រូវរកចម្លើយនេះអោយឃើញដើម្បីធានាថាមិនបោះបង់អ្វីដែអ្នកកំពុងធ្វើ៕ចំពោះខ្ញុំ ដើម្បីមានជំនឿលើខ្លួនឯង យើងត្រូវធ្វើអ្វីដែលខ្លួនស្រលាញ់ អ្វីដែលជាសមត្ថភាពនិងជំនាញរបស់ខ្លួន។
4. បទពិសោធន៍របស់អ្នក
អ្នកអង្គុយក្នុងការិយាល័យពេញមួយថ្ងៃរាល់ថ្ងៃគ្មានន័យអ្វីទាំងអស់ ប្រសិនអ្នកមិនបានរកក្តីសុខសំរាប់ជីវិត។ អ្នកគួរឆ្លៀតឱកាស ធ្វើដំណើរកំសាន្តដើម្បីទទួលបានបទពិសោធន៍និងអនុស្សាវរីយ៍ល្អៗ ហើយម្យ៉ាងទៀតអ្នកអាចចែករំលែកបទពិសោធន៍ជីវិតនិងការងាររបស់អ្នកទៅកាន់អ្នកជំនាន់ក្រោយ។បទពិសោធន៍ទាំងនេះមិនត្រឹមតែផ្តល់ឱ្យពួកគេនូវរឿងល្អ ៗ ប៉ុណ្ណោះទេ តែពួកគេនិងអាចមើលឃើញពិភពលោកកាន់តែច្បាស់ជាងមុន។ ម្យ៉ាងទៀតពួកគេអាចធ្វើឱ្យរកឃើញដំណោះស្រាយថ្មីៗនៅក្នុងជីវិត។
5. កេរ្តិ៍ឈ្មោះរបស់អ្នក
បន្ទាប់ពីអ្នកស្លាប់ កេរ្តិ៍ឈ្មោះគឺជារឿងតែមួយគត់ដែលគេនៅចងចាំ។ អ្នកអាចទុកលុយមួយចំណែកអោយទៅមនុស្សជាទីស្រលាញ់របស់អ្នកប៉ុន្តែប្រសិនបើអ្នកចង់អោយគេចងចាំនូវតម្លៃរបស់អ្នក ចូរចាត់ទុកមនុស្សជំវិញខ្លួនជាអាទិភាពដោយ ប្រព្រឹត្ដចំពោះពួកគេដោយសប្បុរសនិងក្តីអាណិតអាសូរ។ ផ្តល់ឱ្យក្តីស្រឡាញ់ដល់ពួកគេចេញពីបេះដូង។ អ្នកនឹងមិនខ្លាចអ្វីដែលមនុស្សនឹងនិយាយអំពីអ្នកនៅពេលអ្នកបាត់បង់ជីវិតឡើយ។ មនុស្សទាំងនោះនិងចងចាំអ្នកទាំងនៅក្នុង ជីវិត ប្រចាំថ្ងៃ និងក្នុងការរកស៊ីរបស់ពួកគេ។ នោះគឺជាកេរ្តិ៍ឈ្មោះដែលមនុស្សគ្រប់គ្នាចង់បាន។
លុយធ្វើឱ្យអោយជីវិតកាន់តែងាយស្រួលក្នុងការរស់នៅ ទាំងការថែរក្សាសុខភាព និងសុភមង្គលគ្រួសារ។ ទោះយ៉ាងណាលុយមិនអាចបំពេញអោយជីវិតមានន័យគ្រប់គ្រាន់នោះទេ វាជាផ្នែកមួយប៉ុណ្ណោះ ដូច្នេះបើអ្នកប្រឹងរកលុយបានច្រើនសន្ធឹកសន្ធាប់ ចូរប្រើវាអោយបានល្អសំរាប់ការរស់នៅ!
Categories: ជីវិតនិងសង្គម, សហគ្រិន និង ធុរកិច្ច