1) ប្រវត្តិដំឡូងមីនៅកម្ពុជា
នៅប្រទេសកម្ពុជា មុនសម័យសង្រ្គាមឆ្នាំ ១៩៧០ មានដាំដំឡូងមីបន្តិចបន្តួច។ឆ្នាំ ១៩៩៦ មានខេត្តចំនួន ៨ បានដាំដុះ (កណ្តាល កំពត កំពង់ចាម បាត់ដំបង ព្រៃវែង កំពង់ធំ មណ្ឌលគីរី និងសៀមរាប) លើផ្ទៃដី ២,១០០ហិតា និងទទួលបានបរិមាណផល២៣តោនក្នុងមួយហិតា។ ក្នុងឆ្នាំ ១៩៨០ ដល់ ១៩៨១ ទិន្នផលទទួលបាន ៨ តោន។ ចាប់ពីឆ្នាំ ១៩៩២ ដល់ ១៩៩៣ ទទួលបានទិន្នផល ៩ តោន។ ក្នុងឆ្នាំ២០១២ ដំណាំដំឡូងមី មានផ្ទៃដីចំនួន ៣៦១,៨៥៤ ហិតា ទិន្នផលជាមធ្យម ២២តោនក្នុងមួយហិតា។
នាពេលបច្ចុប្បន្នវាបានផ្លាស់ប្តូរពីដំណាំសម្រាប់អាហារទៅជាដំណាំឧស្សាហកម្មដូចជា យកម្សៅ អេតាណុល និង ចំណីសត្វ។ដំណាំដំឡូងមីត្រូវបានដាំគ្រប់ផ្នែកទាំងអស់នៃប្រទេសកម្ពុជា ជាពិសេសក្នុងខេត្ត កំពង់ចាម បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង ក្រចេះជាដើម។

2) សារៈប្រយោជន៍នៃដំឡូងមី
ដំឡូងមីជាដំណាំអារមួយប្រភេទ ដែលអាចហូបជំនួស បាយបាននៅពេលអ្នកខ្វះអង្ករ។ ក្រៅពីធ្វើជាអាហាររបស់មនុស្សគេអាចយកទៅធ្វើជាចំណីសត្វបានយ៉ាងល្អស្លឹកដំឡូងមីគេអាំចយកទៅធ្វើជាបន្លែស្រស់ អន្លក់។ល។ គេអាចយកម្សៅដំឡូងមីធ្វើជា នំបុ័ងជំនូសស្រូវសាឡីបានជាងនេះទៅទៀត ដំឡូងមីក៏ជាវត្ថុធាតុដើមរបស់រោងចក្រសំរាប់ផលិតក្រដាសធ្វើ ជ័រ។
3) ប្រភេទពូជ
ដំឡូងមីដែលគេនិយមដាំនៅក្នុងប្រទេសកម្ពុជាយើងមានពូជានាំមកពីបរទេសនិង ពូជនៅក្នុងស្រុកពូជទាំងនោះមានពូជស្រាលនិងពួជធ្ងន់។បើគេបែងចែកពូជទៅតាមលក្ខណៈមើមរបស់ដំឡូងក៏មាន២ប្រភេទដែរគឺៈ
ក-ពូជដែលមនុស្សហូបមើមៈ
ពូជនេះមើមរបស់វាមានសាច់មើមម៉ដ្ឋរសជាតិផ្អែមច្រើនជាងស្វិងហើយវាជាពូជដែល ធន់ទ្រំាទៅនឹងការរំាងស្ងួតនិងមានរយៈពេលលូតលាស់ខ្លីគឺ៨-១២ខែ។
ខ-ប្រភេទពូជសំរាប់ធ្វើម្សៅនិងចំណីសត្វ
ពូជនេះមើមរបស់វាមានសាច់មើមគ្រើមមិនស្វិតមានរសជាតិស្វីងទាំងអស់។ ប្រភេទពូជនេះមានរយៈពេលលូតលាស់វែង។
4) លក្ខណៈជីវសាស្ត្រដំណាំដំឡូងមី
ដំណាក់កាលដំឡូងមីត្រូវបានចែកជា៤ ដំណាក់កាល៖
- ដំណាក់កាលូតលាស់៖ គឺចាប់ពីដាំរហូតដល់ឫសចាប់ផ្តើមរីកមាឌ រយៈពេល២ទៅ៣ ខែ។
- ដំណាក់កាលលូតលាស់ដងដើម៖ ពេលឫសចាប់ផ្តើមរីកមាឌរហូតដល់ពេលលូតលាស់ពេញទំហឹងរបស់ស្លឹករយៈពេល៣ខែ។
- ដំណាក់កាលរីកចំរើន៖ ចាប់ពីលូតលាស់ស្លឹកច្រើនរហូតដល់មើមពី ៤ទៅ៦ខែ។
- ដំណាក់កាលសម្រាកលូតលាស់៖ ចាប់ពីលូតលាស់ឫសរហូតដល់កម្រិតអតិបរិមារហូតដល់ពេលផ្លែទុំផ្ទុះ។ដំណាក់កាលនេះសង្កេតឃើញមានស្លឹកជ្រុះស្ទើរតែទាំងអស់នេះជាដំណាក់កាលចុងក្រោយដែលរយៈពេល២ ខែ។
5) បច្ចេកទេសដំាដុះ
5.1 ការធ្វើដី :
- អ្នកត្រូវកាប់ឬភ្ជួរដីអោយបានជំរៅប្រហែលពី ២០-៣០ស.ម ភ្ជួរឲ្យបានពីរទៅបីដង ដើម្បីឲ្យដីផុសល្អ បន្ទាប់មកអ្នកត្រូវរើសយកស្មៅចេញអោយបានស្អាត។
- អ្នកត្រូវហាលដី អោយបានស្ងួតល្អ។
5.2 ការរើសពូជ
- អ្នកត្រូវរើសយកដើមដំឡូងណា ដែលធំមានលក្ខណៈដុះលូតលាស់ល្អ និងមានអាយុ កាលយ៉ាងតិចមួយឆ្នាំ។
- អ្នកត្រូវកាត់ជាកង់ៗ ប្រវែងពី ២០ស.ម (២តឹក)។
ការពិនិត្យមើលកំណាត់កង់នៃដើមដំឡូងមី
ដើមដំឡូងមី៖ ដើមដែលមិនខ្ចីពេកឆាប់ស្ងួតទឹក ទុកមិនយូនៅរដូវប្រាំងព្រោះវាងាយនឹងទទួលការបំផ្លាញពីជម្ងឺ។នៅពេលយកដាំត្រូវពិនិត្យមើលជ័ររបស់វាបើវាចេញមកយឺតមិនត្រូវយកមដាំទេ
កំរាស់នៃដើម៖ កុំប្រើដើមណាដែលស្គមព្រោះមានសារធាតុចិញ្ចឹមនិងសំណើមតិច ពន្លកដុះខ្សោយ និង អាចបង្កើតឫសបានតិចតួច គួរប្រើដើមណាដែលធំក្រាស់ល្អ។ ទំហំដែលល្អប្រសើរនោះគឺកាំ១សង់ទីម៉ែត្រ
ចំនួនភ្នែក៖
- ចំនួនផ្នែកវាអាស្រ័យទៅតាមប្រភេទពូជ ប្រវែងកង់ពី២០ទៅ២៥សង់ទីម៉ែត្រដែលមានភ្នែកពី ៥ទៅ៧ភ្នែក
- កំណាត់កង់ខ្លីពេក ឬក៏ចំនួនភ្នែកតិច(១ទៅ៣ភ្នែក)ឆាប់ស្ងួតជាតិទឹក និងងាយ ទទួលរងការរាតត្បាតពីកត្តាចង្រៃផ្សេងៗយ៉ាងឆាប់រហ័ស
ចំណាំ៖
- ភ្នែក(ពក)ចំណុចចាប់ផ្តើមរបស់ពន្លក និង ឫស
- មិនគួរប្រើប្រាស់កំណាត់កង់ដំឡូងមីដែលធំជ្រុល និង តូចពេក
- មិនគូរប្រើប្រាស់កំណាត់កង់ដែលដុះពន្លកមុនយកទៅដាំទេ
5.3 រដូវកាលដំាដុះ :
អ្នកគួរដាំដំឡូងនៅពេលដែលដីមានសំណើមគ្រប់គ្រាន់ ហើយសំណើមនៅក្នុងដីនោះអាចធានានូវការលូតលាស់របស់ដំឡូង ក្នុងរយៈ ពេល៤-៥ខែ ដូច្នេះពេលវេលាដ៏សមស្រប និងល្អបំផុតនោះ គឺក្នុងអំឡុងខែវិច្ឆិកា និងធ្នូ ជាពិសេសបន្ទាប់ពីទឹកទន្លេស្រកចុះ។
5.4 វិធីសាស្រ្តដាំដុះ:
ការដាំដំឡូងឈើជាទូទៅគេដាំតាមបីរបៀបៈ
ក-ការដាំបញ្ឆៀង :
ការដាំរបៀបនេះអ្នកត្រូវកំណត់ដំឡូងឈើរាងបញ្ឆៀងដែលមានមុំពី២០-៤៥ដឺក្រេ ដោយប្រៀបធៀបទៅនឹងដី។ ជាទូទៅការដាំអ្នកត្រូវកប់ដើមដំឡូងឈើផ្នែកខាងក្រោមនៃដងដើមទៅក្នុងដីអោយជ្រៅជួនកាលអ្នកអាចកប់ដីជិតតែម្តង ឬទុកផ្នែកខាងចុងដើមលេចផុតពីដីបន្តិច។
ខ-ការដាំផ្តេក
ការដាំរបៀបនេះអ្នកត្រូវដាក់ដើមដំឡូងផ្តេកនៅក្នុងជួរតែម្តង ឬ បាតរងតែរួចអ្នកត្រូវ កប់ដីពីលើដែលមានកំរាស់ពី៥-១០ស.ម។
គ-ការដាំបញ្ឈរ
ការដាំរបៀបនេះ អ្នកត្រូវដាំដើមដំឡូងបញ្ឈរក្នុងដីតែម្តងគឺអ្នកត្រូវកប់ផ្នែកចាស់នៃ ដើមទៅក្នុងដីហើយទុកផ្នែកខាងចុងនៅផុតពីដី។ ចំពោះវិធីសាស្ត្រទាំងបីខាងលើនេះ ជាទូទៅគេច្រើននិយមដាំតាមរបៀបបញ្ឆៀង ឬ ផ្តេកហើយពីព្រោះវាផ្តល់ទិន្នផលខ្ពស់។
ឃ-ចន្លោះជួរ
ចន្លោះពីជួរមួយទៅជួរមួយ | ចន្លោះពីដើមមួយទៅដើមមួយ | ចំនួនដើម |
៩០ ស.ម | ៦០ ស.ម | ១៨ ០០០ ដើម/ហិតា |
៩០ ស.ម | ៩០ ស.ម | ១២ ០០០ ដើម/ហិតា |
៩០ ស.ម | ១២០ ស.ម | ៩ ០០០ ដើម/ហិតា |
ប៉ុន្តែជាទូទៅគេច្រើនដាំដំឡូងឈើ ក្នុងចន្លោះពីគុម្ពមួយទៅ គុម្ពមួយប្រវែងមួយម៉ែត្រហើយចន្លោះពីជួរមួយទៅជួរមួយគឺប្រវែងមួយម៉ែត្រដែរ។
ង-ជម្រៅដែលត្រូវដាំ
អ្នកត្រូវប្រើចប់ជីក ឬ ចប់កាប់ ដើម្បីកាប់ដីឲ្យបានជំរៅពី ៧-១០ស.ម ហើយកប់កំណាត់ដំឡូងទៅតាមស្នាមចបនោះ។
6) ការប្រើជីៈ
- ប្រភេទជីដែលអ្នកត្រូវប្រើនោះ គឺ ជីប្រភេទ ៨-១៦-១៩ ដាក់ក្នុងចំនួនពី៦០-១០០ គីឡូក្រាមក្នុងផ្ទៃដី ១៦០០ សង់ទីម៉ែត្រការ៉េ។
- លើកទី១នៅពេលដែលដំឡូងមានអាយុបានមួយខែបន្ទាប់ពីដាំ។ដាក់លើកទីពីរនៅពេល ដំឡូងមានអាយុបីខែក្រោយពីដាំហើយត្រូវដាក់អោយបានឆ្ងាយពីគល់ដំឡូងបន្តិចគឺប្រហែលពី ២៥-៣០សមហើយលុបដី។
7) ការថែទាំ
- ក្រោយពីដាំដំឡូងពី ៥-៧ ថ្ងៃ ត្រូវពិនិត្យមើលការដុះពន្លករបស់ដំឡូង អ្នកត្រូវដាំជួសឡើងវិញ ជាបន្ទាន់ចំពោះកន្លែងណាដែលមិនដុះ។
- បន្ទាប់ពីដំឡូអមានអាយុ ៣០ ថ្ងៃ ត្រូវជ្រួយដី បោចស្មៅអោយបានស្អាតល្អដើម្បីឲ្យដីផុសត្រសុសល្អ។
- គួរសំអាតស្មៅឲ្យបានស្អាតនៅចន្លោះរងដំឡូង ដើម្បីឲ្យដំឡូងដុះលូតលាស់ល្អហើយ នៅពេលធ្វើស្មៅនិងជ្រួយដីត្រុវប្រយ័ត្នប្រយែងកុំឲ្យប៉ះទង្គិចដល់ឫសរបស់ដំឡូងជាពិសេស នៅពេលដែលដំឡូងកំពុងចុះមើម។
8) ជំងឺនិងសត្វល្អិតចង្រៃ
ក-ជំងឺរលួយឫស
ជំងឺនេះបង្កឡើងដោយពពួកផ្សិត ដោយវារាតត្បាតទៅលើប្រព័ន្ធឫសដែលស្ថិតនៅក្នុងដីនៃដំណាំនេះ ហើយធ្វើឲ្យរលួយភាគច្រើននៅក្នុងរដូវភ្លៀងនិងស្ថិននៅក្នុងដីកណ្តេង ជាំទឹក ព្រមទាំងមានជីធម្មជាតិច្រើន។ មេរោគនៃជំងឺនេះច្រើនរាតត្បាតនៅលើដីជាំទឹក។ រោគសញ្ញានៃជំងឺនេះវាធ្វើឲ្យដើមដងស្រពោនងាប់បន្តិចម្តងៗថែមទាំងបញ្ចេញនូវទឹកម្យ៉ាង ដែលមានក្លិនស្អុយបន្ទាប់កប្រព័ន្ធឫសរបស់ដំឡូងរលួយទាំងអស់តែម្តង។
គេអាចជៀសវាង ជំងឺនេះបានតាមរយៈការជ្រើសរើសដីដែលមានលក្ខណៈសមស្រប ល្អមិនជំាទឹកឬនៅកន្លែងដែលមានទឹកជាប្រចាំ។
ខ-ជំងឺរលួយដើមដោយបាក់តេរី
ដំឡូងដែលទទួលរងនូវជំងឺនេះគេអាចសង្កេតឃើញនៅត្រួយ ឬពន្លកថ្មីរបស់វាក្រៀម ស្ងួតហើយមានភាពរលួយសើមនៅលើដងដើម នៅលើផ្ទៃនៃដងដើមគេសង្កេតឃើញមាន រន្ធតូចៗពាសពេញ។ រន្ធទាំងនោះមានលក្ខណៈពិសេសមួយដែលងាយស្រួលក្នុងការកំណត់ ចំណាំគឺគេឃើញមានជ័រស្ងួត។ ពេលដែលគេកាត់ ដើមដែលមានជំងឺនេះមានលក្ខណៈក្រិន ទាបនិងប្រព័ន្ធឫសលូតលាស់ខ្សោយបំផុត។គេអាចជៀសវាងបញ្ហានេះបានដោយគ្រាន់តែ ជ្រើសរើសដើមដែលមានសុខភាពល្អយកទៅធ្វើពូជធន់នឹងជំងឺនេះ។
9) ការគ្រប់គ្រងសត្វល្អិតនិងជម្ងឺ
- សត្វល្អិតចង្រៃក្នុងផលិតកម្មដំណាំដំឡូងមី មានដូចជា៖ ពីងពាង្រហម សត្វល្អិតពណ៌ស កណ្តៀរ រុយស ចៃម្សៅអុចខ្មៅ ចៃម្សៅពណ៌េលឿងចៃម្សៅកន្ទុយវែង ចៃម្សៅផ្កាឈូក។
- ជំងឺក្នុងផលិតកម្មដំណាំដំឡូងមីមានដូចជា៖ ជំងឺអុជស្លឹកពណ៌ត្នោត ជំងឺរលួយឫសជំងឺបាក់តេរីឆេះសឹ្លក ជំងឺវិចព្រូម។
ពីងពាងក្រហម
វីធានការទប់ស្កាត់និងកំចាត់ពីងពាងក្រហម
- ជៀសវាងការប្រើប្រាស់ថ្នាំពុល សម្លាប់សត្វល្អិត ពីព្រោះសត្វល្អិតមានប្រយោជន៍រងនូវផលប៉ៈពាល់ពីការបាញ់ថ្នាំពុលខ្លាំងជាងពីពាងក្រហម
- ដើម្បីការពារពីងពាងក្រហមមិនអោយឆ្លងទៅកំណាត់ដើមផ្សេងៗទៀត តាមរយៈការត្រាំកំណាត់ចូលទៅក្នុងសូលុយស្យុងម៉ាឡាសិន(Malathion)និង តាម៉ា(Tamar) រយៈពេល ៥ នាទី។
- ដោយសារតែវដ្តជីវិតរបស់វាខ្លីធ្វើអោយមានភាពស៊ាំចំពោះថ្នាពុល
រុយស(white flies)
ការបំផ្លាញរបស់រុយសមានការខូចខាត៣ប្រភេទ៖
- ការខូចខាតផ្ទាល់និង ជញ្ជក់បំផ្លាញចាប់ពីស្លឹករួចធ្វើអោយខ្សោយនិងស្រពោនស្លឹកផ្នែកខាងក្រោមប្រែជាពណ៌លឿងនិងរលួយ
- ការខូចខាតមិនផ្ទាល់ ដោយការកើនឡើងទឹកដមនៃស្លឹកដែលបានបង្កើតដោយរុយស។ទឹកដមនេះធ្វើអោយមានការដុះលូតលាស់នៃផ្សិតតូចៗព៌ណខ្មៅលើស្លឹកហើយផ្សិត នេះវាអាចកាត់បន្ថយនៃការធ្វើរស្មីសំយោគរបស់ស្លឹក ។
- ការបញ្ចូននូវវីរុស តាមរយៈការចម្លងពីដើមដែលមានរោគច្រើជាងគេ៤០ជម្ងឺនៃដំណាំ ពាសពេញពិភពលោក។វាធ្វើអោយទិន្នផលបាត់បង់ខ្ពស់ដល់ទៅ៧៦ភាគរយ។
វិធានការទប់ស្កាត់និងកំចាត់រុយស
វដ្តជីវិត(១៥-១៧ថ្ងៃ) និងសកម្មភាព របស់វាពឹងផ្អែកលើសីតុណ្ហភាព ពន្លឺ និងទឹកភ្លៀង
ប្រើពូជធន់និងជម្ងឺដែលចម្លងដោយរុយស
ដង្កូងដួង(white Brubs)
ដង្កូវដួងបំផ្លាញនូវសំបកឈើ និងពន្លកនៃកំណាត់កង់ដែងដាំថ្មីៗ។វាបំផ្លាញខ្លាំងពេលដែលដើមនៅតូចខ្ចីៗ( ១-២)ដើមស្រពោនភ្លាមៗនិងងាប់។ដង្កូវដួងរស់នៅក្នុងជម្រៅពី២០ទៅ៣០សង់ទីម៉ែត្រដែលជាកន្លែងដែលវាអាចស៊ីសំបកឈើនិងមើម។ភាគរយនៃដំណុះអាចថយចុះរហូតដល់៩៥ភាគរយហើយទិន្នផលអាចបាត់បង់ខ្ពស់រហូតដល់៧០ភាគរយ។
វិធានការទប់ស្កាត់និងកំចាត់ដង្កូវដួង
- វដ្តជីវិតមានរយៈពេល១ឆ្នាំ ដង្កូវដួងពេញវ័យមានសម្មភាពក្រោយពេលភ្លៀងធ្លាក់ និងការបំផ្លាញចាប់ផ្តើមកើតមានប្រហែលជា៤-៥ខែក្រោយដាំ។
- វិធានការជីវសាស្ត្រមានពពួកប៉ារ៉ាស៊ីតជាច្រើន ដែលប៉ារ៉ាស៊ីតលើដុកឌឿនៃដង្កូវដួងស
សត្វល្អិតស្រការ(Scale Insect)
សត្វស្រកាមានច្រើនប្រភេទវាបផ្លាញខ្លាំងលើដើមដំឡូងមី។សត្វស្រកាវាច្រើនរុំដើមនិងរុំពន្លកភ្នែក។ពូជដែលរងការបំផ្លាញធ្វើអោយភាគរយធ្លាក់ចុះពី៥០%-៦០%។ចំពោះពូជដែលងាយរងការបំផ្លាញទទួលការបំផ្លាញទិន្នផលធ្លាក់ចុះ១៩ភាគរយ។
វិធានការទប់ស្កាត់និងកំចាត់សត្វល្អិតស្រកា
ការបំផ្លាញរបស់វាកើនឡើងនៅពេលដែលដំណាំដំឡូងមីបន្តដាំលើដីដដែលៗ
- ការផ្ទុះឡើងនៃសត្វល្អិតនេះធ្ងន់ធ្ងរគឺកំឡុងពេលរដូវក្តៅ
- ដុតដើមដំឡូងមីដែលកើតមានសត្វល្អិត
- ប្រើវិធានការគីមីជាពិសេសក្នុងរដូវក្តៅ
កណ្តៀរCoptotermes )
កណ្តៀរធ្វើអោយបាត់បង់នូវអត្រាដំណុះពី១៥-៣០ ភាគរយ។វាស៊ីបំផ្លាញដើមពូជសម្រាប់ដាំ មើមនិងដើមដែលកំពុងដុះលូតលាស់ ធ្វើអោយបាត់បង់ពូជ និងចំនួនដើមដែលដែលដុះ ច្រើនកើតមាន កំឡុងពេលរដូវក្តៅ ដែលពន្យាពេលវែង។
វិធានការការពារនិងកំចាត់កណ្តៀរ
ការការពារនៃកំណាត់កងដែលដុះតាមរយៈប្រើប្រាស់ភ្នាក់ងារសំលាប់សត្វកណ្តៀរនៅពេលដាំ។ចៃម្សៅលើដំឡូងមី
ចៃម្សៅលើដំឡូងមី(Mealy bugs)
ចៃម្សៅបំផ្លាញយ៉ាងធ្ងន់ធ្ងរលើដំណាំឈើហូបផ្លែជាច្រើនប្រភេទ ដំណាំផ្កា និងដំណាំផ្សេងៗទៀត។ចៃម្សៅមានច្រើនប្រភេទដូចជា៖ ចៃម្សៅអ៊ុតខ្មៅ ចៃម្សៅកន្ទុយវែង ចៃម្សៅពណ៌លឿង និង ចៃម្សៅផ្កាឈូក។ ចៃម្សៅភាគច្រើនស៊ីបំផ្លាញនៅចុងត្រួយស្លឹកដំឡូងមី។ត្រួយដំឡូងមីរួញខ្មួរស្លឹកបណ្តាលមកពីការជញ្ជក់របស់ចៃ។កូនចៃផ្លាស់ទីយ៉ាងលឿនលើស្លឹករុក្ខជាតិនៅផ្នែកខាងលើផ្ទៃស្លឹកដែលងាយស្រួលបក់ទៅឆ្ងាយដោយខ្យល់។ការផ្លាស់ទីតាមចរន្តខ្យល់និងការដឹក ជញ្ជូនដើមដំឡូងមីដែលមានសត្វល្អិតបំផ្លាញគឺកត្តាចំបងដែលសត្វល្អិតអាចចំលងទៅបានឆ្ងាយទៀត។
វិធានការទប់ស្កាត់និងកំចាត់ចៃមម្សៅដំឡូងមី
- ការជ្រើសរើសពូជដំឡូងមីដែលធន់ទ្រាំនិងសត្វល្អិតបំផ្លាញ
- ជៀសវាងការយកពូជដែលមានផ្ទុកចែម្សៅយកមកដាំ
- ភ្ជួររាស់ដីអោយបានស្អាតមុនពេលដាំ
- ការកាត់ដើមដំឡូងមីដែលមានចៃម្សៅយកទៅកបចោល
- កាត់សំអាតស្លឹកនិងមែកចាស់ៗចោល
- ប្រើវិធានការជីវសាស្ត្រដូចជាឱម៉ាល់
ជម្ងឺ អុចស្លឹកពណ៌ត្នោត(Brown leaf spot)
ជម្ងឺនេះរីករាលដាលខ្លាំងនៅពេលដែលដំណាំមានអាយុកាលច្រើនជាង៥ខែ ការ រីករាលដាល និងធ្ងន់ធ្ងរអាស្រ័យលើ ភាពធន់របស់ដំណាំនិងពូជផងដែរ។វាត្រូវបានគេស្គាល់ដោយសារចំណុច រលាក ខ្លោចពណ៌ត្នោតនៅសងខាងស្លឹក។ស្លឹកដែលកើតជម្ងឺប្រែជាពណ៌លឿងស្ងួត រួចជ្រុះ។
វិធានការទប់ស្កាត់និងកំចាត់
- ប្រើពូជធន់ទ្រាំនិងជម្ងឺ និង ពូជគ្មានជម្ងឺ
ជម្ងឺ រលួយមើម(Soft root rot)
ជម្ងឺរលួយមើមបណ្តាលមកពីរោគផ្សិតក្នុងដីរដូវភ្លៀង កើតឡើងធ្ងន់ធ្ងរនៅលើប្រភេទដីឥដ្ឋ ដីដែលមានសារធាតុសរីរាង្គច្រើន និង ដីដែលច្រោះទឹកខ្សោយ។ វាបំផ្លាញចំពោះដើមខ្ចី និងដើម ជិតប្រមូលផល ជាពិសេសនៅពេលដែលដើមនោះជិតប្រឡាយបង្ហូរទឹក។
វិធានការទប់ស្កាត់និងកំចាត់ជម្ងឺរលួយមើម
- ប្រើប្រាស់សម្ភារៈដាំដុះ(ដើមពូជ)ដែលគ្មានជម្ងឺ
- ប្រើពូជធន់និងជម្ងឺ
- ជ្រើសរើសដីសមស្របមិនដក់ទឹក
- ធ្វើដីអោយបានស្អាតល្អ
- បង្កើតប្រពន្ធ័បង្ហូរទឹកចេញ
- ដាំដំំណាំលើរង
- ដុតបំផ្លាញដើមដែលកើតជម្ងឺ
10)ការប្រមូលផល
ការប្រមូលផលវាអាស្រ័យទៅតាមពូជរបស់ដំឡូងឈើ ចំពោះពូជស្រាលត្រូវប្រមូលផលនៅពេលដែលដំឡូងមានអាយុ ១២-១៣ខែ ការប្រមូលផលមានពីររបៀបគឹដោយដៃ និងដោយពាក់កណ្តាលយន្តសាស្ត្រ។
ក-ការប្រមូលផលដោយដៃ
អ្នកត្រូវកាប់ដើមដំឡូងឈើចោលជាមុនសិន ដោយទុកដងដើមត្រឹមតែកំពស់ប្រមាណ ២០-៥០ស.ម ការកាប់ដើមនេះគឺងាយស្រូលក្នុងការដក ។ ពេលដកមើមអ្នកត្រូវរញ្ជួយឬ រង្កៀកដើមជាមុនសិន ទើបចាប់ផ្តើមដក់បន្តិចម្តងៗ ធ្វើយ៉ាងនេះគឺដើម្បីជៀសវាងការបាក់ មើម រលាត់សំបកមើម ។ វិធីម្យ៉ាងទៀតត្រូវកាប់ដងដើម មួយផ្នែកចោលហើយបន្ទាប់មក ត្រូវទុកចោលពី ៧-១៤ថ្ងៃសិនទើបចាប់ផ្តើមដក។
ខ-ការប្រមូលផលដោយពាក់កណ្តាលយន្តសាស្ត្រ
ការងារនេះគឺជាការរួមផ្សំនិងឧបករណ៍ផ្សេងៗ ព្រមទាំងកំលាំងមនុស្ស។
11) ការទុកដាក់
មើមដំឡូងមីជាទូទៅគឺមិនអាចធានាទុកបានយូរពេលទេ ពីព្រោះវាងាយរលួយខូច ណាស់គឺបណ្តាលមកពីការរលួយខ្លួនវាបណ្តាលមកពីមេរោគឬជំងឺផ្សេងៗ។គេអាចជៀសវាងចំពោះការរលួយរបស់ដំឡូងបានគឺតាមរយៈការរក្សាទុកមើមដំឡូងអនោះដោយកប់ក្នុង ដីឬកប់ក្នុងដីខ្សាច់សើម ដាក់មើមតំរៀបគ្នាក្នុងបាវសើមឬរុំដោយក្រដាសសើម។គេអាចរក្សាទុកមើមដំឡូង ក្នុងរយៈពេលយូរបានដោយទុកវានៅក្នុង ឬ បន្ទប់ត្រជាក់ដែលមាន សីតុណ្ហភាព២៥អង្សាសេ ព្រមទាំស្ថិតនៅក្នុងសំណើមអាកាសពី៨៥-៩០%។
វិធីទុកម្យ៉ាងទៀតគឺគេចិតមើមដំឡូងនោះស្តើងៗ ហាលឲ្យស្ងួតរហូតដល់សំណើមក្នុង មើមដំឡូងនោះត្រឹម១០-១២%ប៉ុណ្ណោះ។ គេអាចបន្ថយនូវការរលួយមើមបានមួយកំរិតតាម រយៈការកាប់ដើមចោលមុនពេលប្រមូលផលក្នុងរយៈពេលប្រមាណពី៧-២១ថ្ងៃ។ ការទុក ដាក់ដោយខ្ចប់ក្រដាសសើម គឺអាចបន្ថយភាពរលួយបានមួយកំរិតបើប្រៀធៀបទៅនឹងការ ទុកដាក់ធម្មតា។ បើក្នុងករណីដែលគេត្រូវនំាចេញមើមស្រស់ទៅលក់កន្លែងឆ្ងាយឬប្រទេស ឆ្ងាយគឺគេគួរតែប្រមូលផលនៅពេលដែលដំណាំមានអាយុមិនលើសពី១០ខែបន្ទាប់ពីដាំ។
12) ផ្នែកអាហារូបត្ថម្ភ
ដំឡូងមីជាប្រភេទដំណាំមើមមួយមុខដែលកសិករខ្មែរយើងនិយមដាំជាងគេ។ក្រៅពីមើមរបស់ដំឡូងមីនៅតាមទីជនបទខ្លះៗ គេនៅនិយមយកត្រួយស្លឹកទៅធ្វើជាបន្លែបានយ៉ាងឆ្ងាញ់ពិសាទៀតផង។ក្នុងស្លឹកត្រួយដំឡូងមីក៏មាននូវវិតាមីនអាខ្លះដែរដែលអាចជួយការពារជំងឺភ្នែកនានារបស់កុមារតូចៗបាន។ក្នុងមើមដំឡូងឈើសំបូរទៅដោយជាតិម្សៅដែលអាចឲ្យបរិភោគជាអាហារទ្រទ្រង់រាងកាយយ៉ាងប្រសើរ។ដូច្នេះក្នុងកាលៈទេសៈខ្វះខាតស្បៀងដំឡូងឈើមានតួនាទីសំខាន់សំរាប់ទ្រទ្រង់រាងកាយកុមារក៏ដូចជាមនុស្សយើងគ្រប់រូបដែរ។ដំឡូងឈើគេអាចយកទៅកែច្នៃជាបន្លែសំរាប់មុខម្ហូបផ្សេងៗឬធ្វើជាបង្អែម។ល។ម្យ៉ាងទៀតក្រៅពីប្រើប្រាស់ជាផលប្រយោជន៍បានច្រើនដំឡូងឈើជាប្រភេទដំណាំមើមដែលងាយដាំនឹងថែរក្សាបំផុតដូចនេះគ្រួសារខ្មែរយើងគួរនាំគ្នាដាំទុកសំរាប់ជាប្រយោជន៍គ្រួសារកុំបីខាន។
ឯកសារយោង៖
១.ឯកសារដំណាំដំឡូងឈើរបស់នាយកដ្ឋានផ្សព្វផ្សាយកសិកម្មឆ្នាំ២០០៣
២.បច្ចេកទេសដាំដុះដំណាំដំឡូងមីសំរាប់បណ្តុះបណ្តាលគ្រូបង្គោលសាលាស្រែកសិករគម្រោងម្លិះ
(MALIS project) រៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម
៣.បច្ចេកទេសដំណាំដំឡូងមី រៀបចំដោយមន្ទីកសិកម្មខេត្តឧត្តរមានជ័យ
Categories: កសិកម្ម