ថវិកាជាតិ ឬលុយជាតិ គឺជាកញ្ចប់លុយរបស់ប្រទេសជាតិណាមួយ ចុះលុយនេះបានមកពីណា? គឺបានពីរដ្ឋ ឬរដ្ឋាភិបាលប្រមូលពន្ធពីប្រជាពលរដ្ឋលើគ្រប់វិស័យ គ្រប់សារពើ សេវា ទំនិញប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ដកហូតពន្ធនាំចូលនាំចេញទំនិញពីក្រុមហ៊ុន ឈ្មួញ រដ្ឋចាត់ចែងវិនិយោគធនធានធម្មជាតិ ដូចជារ៉ែ ព្រៃឈើ ដីសម្បទានសេដ្ឋកិច្ច…អោយក្រុមហ៊ុនជាតិអន្តរជាតិយកចំណូលចូលរដ្ឋ បានពីវិស័យទេសចរណ៍ បានពីណាទៀត? ការខ្ចីបុលពីបរទេស ពីធនាគារពិភពលោកនិងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងៗ ជំនួយឥតសំណងពីប្រទេសជាមិត្ត…។ល។
អ្នកណាគ្រប់គ្រងចាត់ចែងថវិការជាតិ? គឺគណបក្សនយោបាយដែលប្រជាពលរដ្ឋភាគច្រើនបោះឆ្នោតអោយទៅអង្គុយកៅអីរដ្ឋ ដែលក្លាយជាភ្នាក់ងាររដ្ឋ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានស្រុក ឃុំ ភូមិ។ ថវិកាជាតិចាយទៅលើអ្វី? ចាយលើការអភិវឌ្ឍន៍ហេត្ថារចនាសម្ពន្ធ័គ្រប់ប្រភេទ សេវាសាធារណៈគ្រប់វិស័យសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋអោយមានផាសុភាព សុខមាលភាពល្អ ដូចជាផ្លូវថ្នល់ ទំនប់ប្រឡាយ អគ្គីសនី សាលារៀន មន្ទីរពេទ្យ សំណង់អាគាររដ្ឋ បើកប្រាក់ខែមន្រី្តរាជការ…។ល។ បក្សកាន់អំណាចមានកាតព្វកិច្ចធ្វើ ឬអនុវត្តកិច្ចការរដ្ឋ ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យដោយយកលុយជាតិមកធ្វើ មិនមែនយកប្រាក់ឯកជនក្រុមគ្រួសាររបស់ខ្លួនមកធ្វើទេ ដូច្នេះរាល់សមិទ្ធិផលដែលកើតចេញពីការកសាងអភិវឌ្ឍន៍គឺជាសមិទ្ធិផលជាតិសំរាប់ជាប្រយោជន៍រួមសាធារណៈដែលប្រជាជនទូទៅទទួលផល ដោយមិនរើសអើងនិន្នាការបក្សនយោបាយឡើយ។ រីឯគណបក្សក្រៅរដ្ឋាភិបាល ឬបក្សជំនាស់និងប្រជាជនទូទៅ វិស័យឯកជននានា រួមទាំងអង្គការសង្គមស៊ីវិល…មានសិទ្ធិចូលរួមក្នុងការអភិវឌ្ឍន៍ជាតិ មានសិទ្ធិ ផ្តល់មតិយោបល់រិះគន់ស្ថាបនាឆ្លុះបញ្ចាំងការដឹកនាំគ្រប់គ្រងរដ្ឋចាត់ចែងចាយវាយលុយជាតិអោយត្រឹមត្រូវមានតម្លាភាព កាត់បន្ថយអំពើពុករលួយ ការរំលោភអំណាចរដ្ឋដើម្បីប្រយោជន៍ឯកជននិងបក្សពួកនិយម ។ ចំពោះបក្សកាន់អំណាចរដ្ឋ អាចមានឱកាសបន្តកាន់អំណាចពីមួយអាណត្តិ(4ឬ5ឆ្នាំ)ទៅមួយអាណត្តិលុះត្រាតែខិតខំប្រឹងប្រែងធ្វើល្អស្អាតស្អំតាំងពីដើមអាណត្តិដល់ចុងអាណត្តិ ហើយប្រជាពលរដ្ឋនិងមើលឃើញទទួលស្គាល់ ថាបក្សកំពុងកាន់អំណាចមានសមត្ថភាពបន្តដឹកនាំរដ្ឋទៀត ឬត្រូវសម្រេចប្តូរចេញ បោះឆ្នោតអោយគណបក្សផ្សេងមកជំនួស តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺការបោះឆ្នោតទៀងទាត់ត្រឹមត្រូវសេរីយុត្តិធម៌៚។
ប្រភព Facebook: Khut Nary
Categories: សហគ្រិន និង ធុរកិច្ច