ទឹកតែលោកតា៖ យុទ្ធសាស្ត្ត្រទាក់ទាញការលក់ផលិតផល

នៅមុខហាងលក់ទំនិញមួយមានលោតាចាស់ម្នាក់អង្គុយចាំចាក់ទឹកតែ និងផឹកទឹកតែកំដរភ្ញៀវ និងមនុស្សម្នាដែលដើរកាត់មុខហាង មិនខ្វល់ថាពួកគេបានទិញទំនិញឬមិនទិញទំនិញនោះឡើយតែលោកតារាប់រកដោយទឹកចិត្តត្រេកអរ សម្តីរស់រាយរាក់ទាក់ និងទឹកមុខស្រស់ស្រាយជានិច្ច ។ ការចាក់ទឹកតែល្អៗ និងឆ្ងាញ់ៗឲ្យភ្ញៀវ និងមនុស្សម្នាដើរកាត់មុខហាងញុំាជាប្រចាំ ត្រូវបានកូនចៅដែលជាម្ចាស់ហាងមានការរង្គៀសចិត្តយ៉ាងខ្លាំង ហើយក៏ទ្រាំមិនបានក៏ស្នើសុំឲ្យលោកតាបញ្ឈប់ការធ្វើសកម្មនោះទៅ ព្រោះពួកគេយល់ថា លោកតាបានធ្វើឲ្យគេខាតបង់ថវិកាយ៉ាងច្រើនដោយសារតែតម្លៃតែល្អៗទាំងនោះ ប៉ុន្តែលោកតាបានប្រាប់ទៅកូនចៅវិញថា លោកតាសុំធ្វើវាបន្តទៀតត្រឹមតែកន្លះឆ្នាំប៉ុណ្ណោះ បន្ទាប់មកលោកតានឹងឈប់ធ្វើវាហើយ ហើយលោកតានឹងសងថ្លៃតែនោះទាំងអស់វិញជាមិនខាន ។
happyseniormen.jpg
ការធ្វើសកម្មរបស់លោកតាបានធ្វើឲ្យកូនចៅខ្លះគិតថា លោកតាប្រហែលជាអផ្សុកខ្លាំងហើយចង់មានមនុស្សមកផឹកតែកំដរ លោកតាមិនដឹងថាតែដែលលោកតាឆុងឲ្យគេញុំានោះមានតម្លៃថ្លៃប៉ុណ្ណានោះទេ ឯកូនចៅខ្លះគិតថា លោកតាមិនបានយល់ដឹងពីការចំណាយ ឬប្រាក់ចំណេញរបស់អាជីវកម្មឬការរកស៊ីនោះទេ ឬក៏ថាលោកតាជាមនុស្សយ៉ាងនេះយ៉ាងនោះជាដើម ។ មួយឆ្នាំក្រោយមកហាងលក់ទំនិញនោះបានក្លាយទៅជាហាង ដែលមានភ្ញៀវច្រើន និងលក់ដាច់ជាងគេ ។ នៅពេលដែលបាត់លោកតា ភ្ញៀវជាច្រើនក៏បានសួររកលោកតា និងបានប្រាប់ម្ចាស់ហាងថា ពួកគាត់បានចងចាំកន្លែង និងទំនិញដែលត្រូវទិញនៅហាងនេះ គឺដោយសារតែនឹកឃើញដល់លោកតារស់រាយនិងចិត្តល្អ ដែលតែងតែចាក់ទឹកតែឆ្ងាញ់ៗឲ្យពួកគាត់ហូបកន្លងមក ដូចនេះពេលណាគេចង់ទិញទំនិញពួកគេក៏មកទីនេះតែម្តង ។ សម្តីទាំងនោះបានធ្វើកូនចៅដែលជាម្ចាស់ហាងស្រក់ទឹកភ្នែក និងនឹកឃើញដល់ទង្វើ និងគុណបំណាច់របស់លោកតា ហើយក៏បានយល់ថា តាមពិតលោកតាគឺជាមនុស្សឆ្លាត មានទស្សនៈវិស័យវែងឆ្ងាយ និងជាអ្នកជំនួញដ៏ពូកែម្នាក់ ។
602792591-cidre-fauteuil-a-bascule-boissons-chaudes-70-80-ans
សម្រាំងគតិសំខាន់ៗ៖
១. កុំឆ្មើងពេក កុំសម្តីអាក្រក់អី ទោះភ្ញៀវទិញ និងមិនទិញទំនិញយើងក៏ដោយ តែត្រូវរស់រាយ និងញញឹមឲ្យបានច្រើន ព្រោះថ្ងៃក្រោយគេនឹងនឹកឃើញយើង និងមកម្តងទៀត ហើយទិញទំនិញយើងជាមិនខានក៏ថាបាន។
២. កុំគិតតែពីសកម្មភាពចំណេញ/ខាតខ្លាំងពេក ធ្វើសកម្មភាពដែលនាំដល់ការរីករាយ ចម្រើនមិត្ត ឬស្គាល់មនុស្សថ្មីៗឲ្យបានច្រើនខ្លះផង ព្រោះពេលខ្លះវានឹងនាំឲ្យកើតមាននូវរឿងៗល្អជាច្រើន ដែលយើងនឹកស្មានមិនដល់ ក៏មានដែរ ។
៣. កុំវាយតម្លៃសកម្មភាព ឬគំនិតអ្នកដទៃថាអន់ ឬសន្មតថាយ៉ាងនេះយ៉ាងនោះច្រើនពេក ប្រសិនបើយើងមិនបានយល់ច្បាស់ពីបំណង ឬគំនិតរបស់គេ តែត្រូវតែព្យាយាមយល់ ឬស្វែងរកនូវការពិតជាមុនសិន បើចាំបាច់ត្រូវធ្វើការវាយតម្លៃ និងសន្និដ្ឋានលើអ្វីមួយ ។
៤. កុំកំណាញ់ខ្លាំងពេក ផ្តល់ឲ្យខ្លះទៅ ថ្ងៃស្អែក ឬថ្ងៃណាមួយ យើងនឹងអាចទទួលបានអ្វីៗយ៉ាងច្រើនជាងអ្វីដែលយើងផ្តល់ឲ្យគេនៅថ្ងៃនេះទៅទៀត។
៥. កុំគិតថាខ្លួនយើងជាមនុស្សឆ្លាតខ្លាំងពេក ស្តាប់អ្នកដទៃខ្លះផង ដើម្បីចេះដឹងនូវអ្វីៗដែលថ្មីៗ ព្រោះគ្មានអ្នកណាចង់បង្រៀន និងផ្តល់ឲ្យនូវអ្វីមួយដល់មនុស្សដែលគិតថាខ្លួនឯងចេះហើយ ដឹងហើយ ឬមានហើយនោះទេ។
(ប្រភព:Facebook)

 

Advertisements