៧ចំនុចដើម្បីក្លាយជាមនុស្សខ្លាំង

មិត្តអ្នកអានទាំងអស់ប្រហែលជាធ្លាប់ឮច្រើនមកហើយពីសៀវភៅ របស់លោក Stephen Covey ដែលមានចំណងជើងថា“7 Habits of Highly Effective People” មែនទេ? តើមិត្តអ្នកអានទាំងអស់បានអានសៀវភៅនោះហើយឬនៅ? ខាងក្រោមនេះជាទម្លាប់ទាំងដើម្បីក្លាយជាបុគ្គលដែលមានសក្ដានុពល និងមានប្រសិទ្ធភាពបំផុត៖

ទម្លាប់ទី ១៖ សកម្មជាមុន(Be Proactive)
ការផ្លាស់ប្ដូរឬបម្រែបម្រួលផ្សេងៗ ចាប់ផ្ដើមចេញពីខាងក្នុង ដែលជាទូទៅ បុគ្គលមានប្រសិទ្ធភាព តែងតែសម្រេចចិត្ត ក្នុងការពង្រឹងជីវិតតាមរយៈរឿង ឬបញ្ហាទាំងឡាយណាដែលពួកគេមានឥទ្ធិពលលើ ជាជាងចាំតែប្រតិកម្មក្រោយពេលដែលបញ្ហាបានកើតឡើង។

ទម្លាប់ទី ២៖ គិតហើយសឹមគូរ(Begin With the End in Mind)
អភិវឌ្ឍគោលការណ៍សម្រាប់ខ្លួនអ្នក។ អ្នកអាចពង្រីករាល់ការគិត រូបភាពការចងចាំ ទៅជាគោលដៅរយៈពេលវែងរបស់អ្នកដោយផ្អែកលើគោលការណ៍ផ្ទាល់ខ្លួនរបស់អ្នក។ ចាំថាគោលការណ៍គឺជាអ្វីដែលអ្នកអាចពឹងពាក់បាន ជាអ្វីដែលដឹកនាំបេសកកម្មអ្នកទៅកាន់ភាពត្រឹមត្រូវ ហើយគោលការណ៍មិនគួរផ្លាស់ប្ដូរជាដាច់ខាត។
ទម្លាប់ទី ៣៖ ធ្វើរឿងដែលសំខាន់មុន(Put First Things First)
អ្នកគួរធ្វើអ្វីដែលត្រឹមត្រូវបំផុតសម្រាប់ បេសកកម្មគោលបំណងរបស់អ្នកដែលបានកំណត់ ដោយរក្សាតុល្យភាពរវាងផលិតផល និងការកសាងសមត្ថភាពផលិតភាព។ អ្វីដែលអ្នកត្រូវគិតក្នុងចំណុចនេះ គឺ កំណត់តួនាទីចម្បងរបស់អ្នក ដែលត្រូវបំពេញ និងបែងចែកពេលវេលាសម្រាប់កិច្ចការទាំងនោះឲ្យបានម៉ត់ចត់។
សូមពិចារណាលើកិច្ចការដែលអ្នកត្រូវបំពេញតាមរយៈតារាងខាងក្រោម៖
កិច្ចការ បន្ទាន់ មិនបន្ទាន់

សំខាន់
កាដ្រង់ទី ១
អាចជាវិបត្តិ បញ្ហាសំពាធ ឬគម្រោងដែលមានកាលកំណត់…
កាដ្រង់ទី ២
អាចជាការការពារ ការបង្កើតទំនាក់ទំនង ការចាប់យកឱកាស ឬគម្រោងថ្មី…

មិនសំខាន់
កាដ្រង់ទី ៣
អាចជា ការរំខាន ទូរស័ព្ទ អ៊ីមែល ការប្រជុំ ធ្វើរបាយការណ៍…
កាដ្រង់ទី ៤
រឿងកំប៉ិកកំប៉ុក កិច្ចការរវល់ សកម្មភាពមួយចំនួនដែលអ្នកចូលចិត្តធ្វើ

ទម្លាប់ទី ៤៖ យុទ្ធសាស្ត្រ ឈ្នះ/ឈ្នះ
ស្វែងរកការព្រមព្រៀង និងទំនាក់ទំនងណាដែលអាចទទួល អាចផ្ដល់ប្រយោជន៍ទាំងសងខាង។ ក្នុងករណីខ្លះដែលអ្នកពិបាកប្រើយុទ្ធសាស្ត្រនេះ សូមទទួលយកការពិតដែលមិនអាចធ្វើទៅបាន ដែលនេះគឺជាជម្រើសប្រសើរបំផុត។ ដូចគ្នាដែរ ក្នុងការពង្រឹងទម្លាប់ល្អនៅក្នុងស្ថាប័នមួយ គឺត្រូវប្រាកដជាដំណោះស្រាយឈ្នះ-ឈ្នះ មិនមែនឈ្នះ-ចាញ់នោះទេ។
ទម្លាប់ទី ៥៖ យល់ពីគេ និងធ្វើឲ្យអ្នកដទៃយល់ពីអ្នក(Seek First to Understand, Then to Be Understood)
ព្យាយាមស្វែងយល់ឲ្យបានច្រើនពីមនុស្ស នៅជុំវិញខ្លួនអ្នក ហើយក៏ត្រូវធ្វើឲ្យអ្នកងាយយល់ពីអ្នក។ លោក Stephen Covey បានបង្ហាញថា ទម្លាប់មួយនេះសំខាន់ពាក់ព័ន្ធនឹងទំនាក់ទំនងនៃអន្តរបុគ្គល។ សម្រាប់ការស្ដាប់ដែលមានប្រសិទ្ធភាពគឺមិនមែនគ្រាន់តែស្ដាប់នូវអ្វីដែលអ្នកផ្សេងនិយាយចេញដោយយើងតាមបទពិសោធន៍ខ្លួនឯងផ្ទាល់នោះទេ តែគប្បីដាក់ខ្លួនអ្នកគិតទៅដល់ទស្សនវិស័យនៃអ្នកទាំងនោះ ដោយដាក់អារម្មណ៍ស្ដាប់ និងស្វែងយល់ពីអត្ថន័យ។
ទម្លាប់ទី ៦៖សាមគ្គីជាកម្លាំង (Synergize)
តាមរយៈទំនាក់ទំនងដ៏គួរជឿជាក់ អ្នកគួររិះរកវិធី បង្ហាញពីភាពខ្លាំងដាច់ដោយឡែករបស់អ្នកនៅផ្នែកណាមួយ។ តាមរយៈការជឿជាក់ និងការយល់គ្នាទៅវិញទៅមក ប្រាកដជាអាចដោះស្រាយទំនាស់ និងអាចស្វែងរកដំណោះស្រាយប្រសើរមួយ ជាជាងការទទួលយកដំណោះស្រាយតែម្ខាងណាមួយ។
ទម្លាប់ទី ៧៖ សំលៀងរណា(Sharpen your Saw)
ដកពេលវេលាពីការខិតខំផលិត ទៅកសាងសមត្ថភាពផលិត ដោយផ្អែកលើ ការផ្លាស់ប្ដូរថ្មីរបស់អ្នក ដូចជា ផ្នែករាងកាយ ការគិត អារម្មណ៍ និងទំហំផ្លូវចិត្តរបស់អ្នក ។ សូមចងចាំថាអ្នកចង់បានសមិទ្ធិផលដែលមានគុណភាពមិនមែនតែបរិមាណទេ៕