១០​ជំនាញ​សម្រាប់​យុវវ័យ​ជ្រើសរើស

តើ​មិត្ត​យុវវ័យ​បាន ដឹង​ច្បាស់​ហើយ​ឬ​នៅ ថាអ្នក​ចង់​រៀន​ជំនាញ​អ្វី? តើ​ជំនាញ​នោះ​គេ​រៀន​ពី​អ្វី​ខ្លះ? ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា អ្នក​នឹង​ទទួល​បាន​ចំណេះដឹង​អ្វី​ខ្លះ? ហើយ​ស្ថាប័ន​ណា​ខ្លះ​ដែល​​ត្រូវ​ការ​​អ្នក​ចេះ​ជំនាញ​នេះ? ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់ Sabay សូម​ដកស្រង់​មុខជំនាញ​បន្ថែម​ចំនួន១០ មុខវិជ្ជាពី ​សៀវភៅមគ្គទេសក៍ ដែល​រៀបរៀង​និង​ចេញ​ផ្សាយ​ដោយ​នាយកដ្ឋាន​ឧត្ដមសិក្សាមក​បង្ហាញ​ជូន។

១. ជំនាញ​ទេពកោសល្យ​សំណង់​ស៊ីវិល
-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ គឺ​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា។
-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៥​ឆ្នាំ​រួម​មាន ដឹង​ពី​ភាព​ធន់​នៃ​សម្ភារៈ ការ​វិភាគ​និង​គណនា​គ្រឿង​បង្គំ (អំពី​ដែក បេតុង​អាម៉េ ឈើ បេតុង​ប្រ៉េកុងត្រាំង) យល់​ដឹង​ពី​ការ​គណនា​គ្រឹះ​សំណង់ យល់​ដឹង​ពី​ការ​សិក្សា ​គណនា​ស្ពាន​និង​ថ្នល់ ការ​គ្រប់គ្រង​ការដ្ឋាន​សំណង់ និង​សំណង់​សិល្បៈការណ៍។
-អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រុមហ៊ុន​សំណង់​នានា ក្រុមហ៊ុន​ផលិត​ស៊ីម៉ងត៍ និង​តាម​ស្ថាប័ន​ផ្សេងៗ​ទៀត។

២. ជំនាញ​ចិត្តវិទ្យា

-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន​ គណិតវិទ្យា និង​ជីវវិទ្យា

-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៤ ​ឆ្នាំ​រួម​មាន មូលដ្ឋាន​គ្រឹះ​នៃ​ចិត្តវិទ្យា និង​យល់​ដឹង​ពី​ចិត្តវិទ្យា​អន្តរ​វប្បធម៌ ការ​ព្យាបាល​លក្ខណៈ​គ្រួសារ យល់​ដឹង​ពី​ទ្រឹស្ដី​បុគ្គលិកលក្ខណៈ នរៈ​ចិត្តវិទ្យា ចិត្តវិទ្យា​អប់រំ យល់​ដឹង​ពី​វិធីសាស្ត្រ​ស្រាវជ្រាវ​និង​ស្ថិតិ​ក្នុង​ចិត្ត​វិទ្យា និង​ភាសា​អង់គ្លេស។ល។
-អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន ធ្វើ​ជា​សាស្ត្រាចារ្យ​ចិត្តវិទ្យា​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​ជា​អ្នក​ជំនាញ ជា​អ្នក​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន អាច​ធ្វើ​ការ​នៅ​តាម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ក្រុមហ៊ុន និង​ស្ថាប័ន​ផ្សេងៗ​ទៀត។

៣. ជំនាញ​ទេសចរណ៍
-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន​ប្រវត្តិវិទ្យា និង​ភូមិវិទ្យា
-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៤ឆ្នាំ​ រួម​មាន យល់​ដឹង​ពី​ ចំណេះដឹង​ទូទៅ​ពី​សេដ្ឋកិច្ច​ទេសចរណ៍​ជាតិ អន្តរជាតិ យល់​ដឹង​ពី​ការ​បង្កើន​ និង​វិភាគ​ពី​សក្ដានុពល​ទេសចរណ៍ យល់​ដឹង​ពី​ជំនាញ​ក្នុង​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច និង​ដឹង​ពី​វិធី​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ដ៏​ចំណាន។
– អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន នៅ​តាម​ក្រសួង​និង​មន្ទីរ​ទេសចរណ៍ តាម​សណ្ឋាគារ ភោជនីយដ្ឋាន​ ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ឬ​អាច​ក្រុមហ៊ុន​ទេសចរណ៍​ដោយ​ខ្លួន​ឯង។

៤.ជំនាញ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច
-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន គណិតវិទ្យា និង​សីលធម៌​ពលរដ្ឋ។
-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៤ ​ឆ្នាំ​រួម​មាន យល់​ដឹង​ពី​​ចំណេះដឹង​ទូទៅ​ពី​ទ្រឹស្ដី​សេដ្ឋកិច្ច និង​ការ​គ្រប់គ្រង យល់​ដឹង​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​ព្យាករណ៍​សេដ្ឋកិច្ច។
-អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ពាក់ព័ន្ធ ធនាគារ​ជាតិ និង​ធនាគារ​​ឯកជន ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ឯកជន​នានា។

៥.ជំនាញ​វេជ្ជសាស្ត្រ
-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន គីមីវិទ្យា ជីវវិទ្យា និង​ពលរដ្ឋវិទ្យា។
-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ ក្រោយពេល​​សិក្សា​រយៈ​ពេល​៤ ​ឆ្នាំ​រួម​មាន ចំណេះដឹង​ទូទៅ​ផ្នែក​វេជ្ជសាស្ត្រ យល់​ដឹង​ពី​ការ​វិនិច្ឆ័យ និង​វិភាគ​ប្រភេទ​ជំងឺ​ និង​ចេះ​ជ្រើសរើស​ថ្នាំ​ទៅ​តាម​ប្រភេទ​ជំងឺ។
– អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន ក្រសួង​សុខាភិបាល ក្រសួង​ពាក់ព័ន្ធ និង​បម្រើ​ការងារ​ក្នុង​សេវា​សាធារណៈ និង​ឯកជន ឬ​អាច​បើក​ជា​គ្លីនិក​ផ្ទាល់​ខ្លួន។

៦. ជំនាញ​ភាសា​អង់គ្លេស
-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន សីលធម៌​ពលរដ្ឋ ចេះ​​ភាសា​អង់គ្លេស និង​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង​វិញ្ញាសា​សរសេរ​ភាសា​អង់គ្លេស។
-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៤ ​ឆ្នាំ​រួម​មាន ចំណេះដឹង​ជំនាញ ការ​សរសេរ និយាយ ស្ដាប់​ អាន​ភាសា​អង់គ្លេស ចំណេះដឹង​ទូទៅ​ផ្នែក​ភាសា ជំនាញ​បក​ប្រែ​ភាសា និង​ជំនាញ​មគ្គុទ្ទេសក៍​ទេសចរណ៍។
-អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន គ្រប់​ក្រសួង​ស្ថាប័ន ក្រុមហ៊ុន អង្គការ​ជាតិ​និង​អន្តរជាតិ ធ្វើ​ជា​សាស្ត្រាចារ្យ​ផ្នែក​ភាសា​នៅ​តាម​គ្រឹះស្ថាន​ឧត្ដម​សិក្សា និង​ក្លាយ​ជា​មគ្គទេសក៍​ទេសចរណ៍។

៧. ជំនាញ​វិទ្យាសាស្ត្រ​កសិកម្ម
-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន គីមីវិទ្យា និង​ជីវវិទ្យា។
-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៤ ​ឆ្នាំ​រួម​មាន អាច​យល់​ ផ្នែក​វិទ្យាសាស្ត្រ​ដី ដឹង​ពី​ប្រភព​កំណកំណើត វិភាគ​លើ​លក្ខណៈ​រូប គីមី​នៃ​ដី យល់​ដឹង​ពី​ការ​ប្រើប្រាស់​ដី​កសិកម្ម និង​ប្រព័ន្ធ​កសិកម្ម​ចម្រុះ យល់​ដឹង​ពី​ការ​ប្រើប្រាស់​ជី​គីមី និង​ជី​ធម្មជាតិ​តាម​ធម្មជាតិ​ តាម​លក្ខណៈ​បច្ចេកទេស យល់​ដឹង​ពី​លក្ខណៈ​ជីវសាស្ត្រ និង​សារធាតុ​ចិញ្ចឹម​របស់​ដំណាំ បច្ចេកទេស​ដាំដុះ ការ​រក្សា​ទុក និង​ការ​កែ​ច្នៃ​ផលិតផល យល់​ពី​បច្ចេកទេស​បង្កាត់​ពូជ ការ​ផ្សាំ ការ​រក្សា​គ្រាប់​ពូជ យល់ដឹង​ពី​ការ​ថែរក្សា​ដំណាំ លក្ខណៈ​ជីវសាស្ត្រ​របស់​សត្វ​ល្អិត ស្គាល់​ពី​សត្វ​មាន​ប្រយោជន៍ និង​បំផ្លាញ​ដំណាំ ដឹង​ពី​ជំងឺ​រុក្ខជាតិ វិធានការ​ការពារ និង​កម្ចាត់​សត្វ​ល្អិត​ចង្រៃ ដឹង​ពី​បច្ចេកទេស​ប្រើប្រាស់​ថ្នាំ​ពុល​គីមី និង​ថ្នាំ​ពុល​ធម្មជាតិ។
-អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន តាម​ក្រសួង ស្ថាប័ន​រដ្ឋ (ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ) អង្គការ និង​ក្រុមហ៊ុន​នានា អាច​ធ្វើ​ជា​អ្នក​បណ្ដុះបណ្ដាល សាស្ត្រាចារ្យ​តាម​វិទ្យាស្ថាន​ឬ​សាកលវិទ្យាល័យ ធ្វើ​ជា​អ្នក​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម ចូលរួម​ការងារ​អភិវឌ្ឍ​សហគមន៍ និង​ធ្វើ​អាជីវកម្ម​ផ្ទាល់​ខ្លួន។

៨. ជំនាញ​វិទ្យាសាស្ត្រ​ជលផល
-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន ជីវវិទ្យា និង​គីមីវិទ្យា។
-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៤ ​ឆ្នាំ​រួម​មាន ចំណេះដឹង​ស្ដីពី​វារី​ជលសាស្ត្រ និង​បរិស្ថាន យល់​ដឹង​ពី​ការ​ផ្ដល់​សេវាកម្ម​បច្ចេកទេស និង​ផ្សព្វផ្សាយ​សម្រាប់​កសិករ​និង​សហគ្រិន​វារីវប្បកម្ម ការ​គ្រប់គ្រង​ធនធាន​ជលផល ផ្ដល់​សេវាកម្ម និង​ផ្សព្វផ្សាយ​សម្រាប់​ការ​អភិវឌ្ឍ និង​ការ​គ្រប់គ្រង​សហគមន៍​នេសាទ។
-អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន ស្ថាប័ន​រដ្ឋ​(រដ្ឋបាល​ជលផល អង្គការ​ដែល​ពាក់ព័ន្ធ​វិស័យ​ជលផល ក្រសួង​បរិស្ថាន) ភ្នាក់ងារ​ឥណទាន​កសិកម្ម និង​ជនបទ សហគ្រាស​វារី​វប្បកម្ម​ខ្នាត​តូច​និង​មធ្យម។

៩. ជំនាញ​រៀបចំ​ដែនដី និង​រដ្ឋបាល​ដីធ្លី
-ចំណេះដឹង​មូលដ្ឋាន​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន គណិតវិទ្យា និង​ភូមិវិទ្យា។
-ចំណេះ​មូលដ្ឋាន​ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៤ ​ឆ្នាំ​រួម​មាន យល់​ពី​គោលនយោបាយ​និងរដ្ឋបាល​ដីធ្លី ដឹង​ពី​​ការ​គ្រប់គ្រង​ព័ត៌មាន​ដី​ធ្លី (ការ​ចុះ​បញ្ជី ការ​ផ្ទេរ ជួល បញ្ចាំ​អចលនទ្រព្យ) ដឹង​ពី​ច្បាប់​ដែល​​ពាក់ព័ន្ធ​នឹង​ដី​ធ្លី និង​ចេះ​វាយ​តម្លៃ​អចលនទ្រព្យ (ពន្ធ និង​សម្រាប់​ការ​លក់​អចលនទ្រព្យ​ផ្សេងៗ) ចេះ​រៀបចំ​ផែនការ​អភិវឌ្ឍ​ដី​ធ្លី និង​​ប្លង់​គោល​អភិវឌ្ឍ​ទីក្រុង​ (Master Plan) ចេះ​វាយ​តម្លៃ​អចលនទ្រព្យ យល់​ពី​ព័ត៌មាន​ភូមិសាស្ត្រ វាស់វែង និង​ការ​ធ្វើ​ផែន​ទី​ផែនទី​សុរិយោដី ​និង​បច្ចេកទេស​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ត្រ ដឹង​ពី​របៀប​ថត និង​បក​ស្រាយ​រូបថត​ពី​លើ​អាកាស ដើម្បី​បង្កើត​ផែនទី និង​រៀបចំ​ផែនការ​អភិវឌ្ឍ​ផ្សេង​ៗ​ទៀត។
-អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន ក្រសួង​រៀបចំ​ដែនដី​ នគរោបនីយកម្ម​និង​សំណង់ ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម អាច​ធ្វើ​ការ​នៅ​តាម​ក្រុមហ៊ុន​អចលនទ្រព្យ អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​និង​អន្តរជាតិ​ដែល​ពាក់ព័ន្ធ។

១០. ជំនាញ​ពាណិជ្ជកម្ម​អន្តរជាតិ
-ចំណេះដឹង​មូលដ្ឋាន ​ដែល​បេក្ខជន​ត្រូវ​មាន​សម្រាប់​រៀន​មុខវិជ្ជា​នេះ​មាន ភាសាខ្មែរ អង់គ្លេស​និង​គណិតវិទ្យា។
-ចំណេះ​មូលដ្ឋាន​ ដែល​និស្សិត​បាន​យល់​ក្រោយ​សិក្សា​រយៈ​ពេល​៤ ​ឆ្នាំ​រួម​មាន យល់​ដឹង​មូលដ្ឋាន​នៃ​ការ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ពាណិជ្ជកម្ម​អន្តរជាតិ ចំណេះដឹង​អំពី​បរិស្ថាន​ពាណិជ្ជកម្ម​អន្តរជាតិ និង​មាន​ភាព​ជា​អ្នក​ដឹកនាំ យល់​ដឹង​ពី​ក្រម​សីលធម៌​ ពី​ការ​ធ្វើ​ជំនួញ​ប្រកប​ដោយ​ភាព​ជោគជ័យ យល់​ដឹង​ពី​វិធីសាស្ត្រ​នៃការ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម។
-អង្គភាព ឬ​មូលដ្ឋាន​ដែល​អ្នក​រៀន​ចប់​មុខជំនាញ​នេះ​អាច​ទៅ​បម្រើ​ការងារ​រួម​មាន ក្រសួង​ស្ថាប័ន​នានា (ក្រសួង​ពាណិជ្ជកម្ម) ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ អង្គការ​ជាតិ អន្តរជាតិ ធ្វើ​ការងារ​ក្នុង​ផ្នែក​អភិវឌ្ឍ​ជំនួញ និង​អាច​បើក​អាជីវកម្ម​ដោយ​ខ្លួន​ឯង។

ប្រភពៈ៖ sabay

អត្ថបទពាក់់ព័ន្ធ៖ តើគួរជ្រើសរើសរៀនមុខវិជ្ជាអ្វីនៅមហាវិទ្យាល័យ?

Advertisements