អ្វី​ជា​សញ្ញា​ប័ណ្ណ​ (Bond)​?

 ដើម្បី​ទទួល​បាន​ដើម​ទុន​ចាប់​ផ្ដើម​ ប្រតិបត្តិ​និង​ពង្រីក​អាជីវកម្ម​ ក្រុម​ហ៊ុន​សាជីវកម្ម​ពឹង​ផ្អែក​ទៅ​លើ​ប្រភេទ​ហិរញ្ញប្បទាន​២គឺ ហិរញ្ញប្បទាន​បំណុល និង​កម្មសិទ្ធិ។ ទន្ទឹម​គ្នា​នោះ មូលបត្រ ​(securities) ក៏​ចែក​ចេញ​ជា​២ផង​ដែរ ​គឺ​មូលបត្រ​បំណុល (bond) និង​ មូលបត្រ​កម្មសិទ្ធិ ​(share) ដែល​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​មូលបត្រ។ ដូច្នេះ​ នៅ​ក្នុង ក្រុម​ហ៊ុន​សាជីវកម្ម ហិរញ្ញប្បទាន​បំណុល​គឺ​ចង់​សម្ដៅ​ទៅ​លើ​មូលបត្រ​បំណុល​ហើយ​ហិរញ្ញប្បទាន​កម្ម​សិទ្ធ​គឺ​សំដៅ​លើ​មូលបត្រ​កម្មសិទ្ធិ។ នៅ​ពេល​នេះ ​Sabay សូម​លើក​យក​មូលបត្រ​បំណុល ​(Bond) មក​ធ្វើ​ការ​បកស្រាយ​មួយ​សិន​។

មូលបត្រ​បំណុល ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​សញ្ញា​ប័ណ្ណ គឺ​ជា​កម្ចី​រយៈ​ពេល​វែង​មួយ​ដែល​បោះផ្សាយ​ក្នុង​ទម្រង់​ជា​មូលបត្រ​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ រដ្ឋាភិបាល​ ឬ​ភ្នាក់ងារ​រដ្ឋាភិបាល​ណា​មួយ។ សញ្ញាប័ណ្ណ​ទាំង​អស់​គឺ​ជា​កម្ចី​ដែល​ផ្ដល់​ដោយ​អ្នក​កាន់​កាប់​សញ្ញាប័ណ្ណ​ (អ្នកទិញ) ទៅ​ឲ្យ ក្រុមហ៊ុន​បោះផ្សាយ​សញ្ញា​ប័ណ្ណ (អ្នក​លក់)។ សញ្ញាប័ណ្ណ​មួយ​គឺ​ជា​ការ​សន្យា​របស់​ក្រុមហ៊ុន​បោះ​ផ្សាយ ថា​នឹង​សង​ត្រឡប់​មក​វិញ​នូវ​ចំនួន​ដែល​បាន​ខ្ចី និង ការ​ប្រាក់ ទៅ​តាម​គ្រា​ដល់​អ្នក​ទិញ។ ការ​ប្រាក់​អាច​សង​ជា​ដំណាក់​កាល​នៅ​អំឡុង​ពេល​នៃ​ការ​​ឲ្យ​ខ្ចី​ ឬ​បង់​ផ្ដាច់​តែ​ម្ដង​នៅ​ពេល​ប្រាក់​កម្ចី​ត្រូវ​សង​ត្រឡប់​ឲ្យ​ម្ចាស់​បំណុល​វិញ។ សញ្ញាប័ណ្ណ​ត្រូវ​បាន​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ ជា​ឧបករណ៍​វិនិយោគ​ហិរញ្ញវត្ថុ​ដែល​មាន​ចំណូល​ថេរ ព្រោះ​បរិមាណ​នៃ​ចំណូល​ដែល​បាន​ពី​ការ​ទិញ​សញ្ញាប័ណ្ណ​គឺ​ថេរ​​ពី​ព្រោះ​វា​មាន​បញ្ជាក់​ពី​អត្រា​ការ​ប្រាក់​រួច​ជា​ស្រេច។

ប្រាក់​កម្ចី​ត្រូវតំណាង​ដោយ​ឯកសារ​មួយ​សន្លឹក ​និង​ត្រូវ​បង់​ការប្រាក់​ជា​ដំណាក់កាល។ ប័ណ្ណ​បញ្ជាក់ នេះ​ គេ​ឲ្យ​ឈ្មោះ​ថា Coupon ដែល​អ្នក​ទិញ​ត្រូវ​យក​ទៅ​បង្ហាញ​ភ្នាក់ងារ​ទូទាត់​នៃ​ក្រុមហ៊ុន​បោះផ្សាយ​ដើម្បី​ដក​ការ​ប្រាក់។

ហេតុ​ផល​ដែល​សញ្ញា​ប័ណ្ណ​ ត្រូវ​បាន​ហៅ​ថា​ជា ​ឧបករណ៍​បំណុល ព្រោះ​ អ្នក​កាន់​សញ្ញាប័ណ្ណ​មិន​មាន​សិទ្ធិ​លើ​កម្មសិទ្ធិ ណា​មួយ​នៅ​ក្នុង​ក្រុមហ៊ុន​ដែល​បាន​បោះ​ផ្សាយ​នោះ​ទេ។ ការ​សន្យា​សង​បំណុល​គឺ​ជា​ចំណុច​ខុស​គ្នា​រវាង​សញ្ញាប័ណ្ណ ​និង​ប័ណ្ណ​ភាគហ៊ុន។ អ្នក​កាន់កាប់​សញ្ញាប័ណ្ណ​គឺ​ជា​ម្ចាស់​បំណុល ​(Creditor) ចំណែក​ឯ​អ្នក​កាន់កាប់​ភាគហ៊ុន​គឺ​ជា​ម្ចាស់​របស់​ក្រុមហ៊ុន។ អ្នក​កាន់កាប់​សញ្ញា​ប័ណ្ណ​អាច​ទាមទារ​ការ​ទូទាត់​ពេញ​លេញ​ (សង​មក​វិញ​ទាំង​ចំនួន​​ដែល​បាន​ខ្ចី​​ និង​ការ​ប្រាក់​ទាំង​អស់)​​​​ បើ​ទោះ​ជា​​ក្រុមហ៊ុន​បោះ​ផ្សាយ​ប្រឈម​មុខ​នឹង​ការ​ក្ស័យ​ធន​(Bankruptcy)ក៏​ដោយ។ ជា​ទូទៅ​សញ្ញាប័ណ្ណ​មាន​ច្រើន​ប្រភេទ​ដូច​ខាង​ក្រោម៖

១. សញ្ញាប័ណ្ណ​រតនាគារ​ឬ​រដ្ឋាភិបាល Treasury/Government bond
២. ប័ណ្ណ​បំណុល​រតនាគារ​ឬ​រដ្ឋាភិបាល Treasury/Government Bill
៣. ប័ណ្ណ​រតនាគារ​ឬ​រដ្ឋាភិបាល Treasury/Government Note
៤. សញ្ញាប័ណ្ណ​ដែល​អាច​ប្ដូរ​បាន​ Convertible Bond
៥. សញ្ញាប័ណ្ណ​ចែក​ប្រាក់​ចំណេញ Participating Bond
៦. មូលបត្រ​ពាណិជ្ជកម្ម Commercial Paper
៧. សញ្ញាប័ណ្ណ​សន្ទស្សន៍​ថ្លៃ Indexed Bond
៨. សញ្ញាប័ណ្ណ​ចំណូល​ខ្ពស់ High Yield/Junk bond
៩.មូលបត្រ​ដាក់​បញ្ចាំ​ Mortgage Backed Securities
១០. សញ្ញាប័ណ្ណ​ដែល​មាន​ខណ្ឌប័ណ្ណ​សូន្យ​ Zero Coupon Bond

ប្រភព៖ sabay