ប្រាសាទបន្ទាយឆ្មារ មានជីវិតថ្មី

>Written by ភ្នំពេញដេលីញូវ
Saturday, 06 August 2011

ពំនូកដុំថ្ម សិលាចារឹក របស់ប្រាសាទ ត្រូវបានដាក់ ធ្លាក់ចុះមកក្រោម ក្រាលពេញដី គួរឱ្យសោកសង្វេគ ។ ទាំងនេះ បណ្តាលមកពី ជនទុច្ចរិត មួយចំនួន លួចជីក គាស់កកាយ យកបដិមា ទៅលក់ឱ្យ ឈ្មួញបរទេស និង ម៉្យាងទៀត បណ្តាលមក ពី សង្គ្រាម ហែកហួរ ក្នុងស្រុកជាង បីទសវត្សរ៍ បានធ្វើឱ្យប្រាសាទ បន្ទាយឆ្មារ រងការបាក់បែក ខ្ទេចខ្ទីគួរឱ្យ សង្វេគ និង សោកស្តាយ ក្រៃលែង ។

ប៉ុន្តែពេលនេះ ប្រាសាទបន្ទាយឆ្មារ លែងឯកោ ទៀតហើយ គឺត្រូវបាន រាជរដ្ឋាភិបាល និង សហគមន៍បរទេស ចាប់អារម្មណ៍ ដោយធ្វើការ ជួសជុល និង អភិរក្សឱ្យ ប្រសើរឡើងវិញ ។

លោក គឹម សុធិន ប្រធានការិយាល័យ ស្រាវជ្រាវ និង ចងក្រងឯកសារ សំណង់បុរាណ របស់នាយកដ្ឋាន គាំពារ និង អភិរក្ស សំណង់បុរាណ នៃ អគ្គនាយកដ្ឋាន បេតិកភណ្ឌ របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានឱ្យដឹងថា រាជរដ្ឋាភិបាល បាន សម្លឹងទៅរកការ ជួសជុល ប្រាសាទរណប និង បរិវេណជុំវិញ ប្រាសាទបន្ទាយឆ្មារ ដោយដំបូង ចាប់ផ្តើមពីការ ជួសជុលស្ពានហាល ភាគខាងលិច និង ការជួសជុល ប្រព័ន្ធលូរំដោះទឹក ឱ្យចេញពីបរិវេណ ប្រាសាទ ដំឡើងរូបយក្ស ទាញព្រ័ត្រនៅខ្លោង ទ្វារចូលខាងកើត ការរៀបចំធ្វើ ផ្លូវចូល ប្រាសាទពីខាងកើត ការដាក់លូ នៅទិសពាយព្យ និង មានការទ្រតួ ប្រាសាទ កណ្តាលឱ្យ រឹងមាំឡើងវិញ ការធ្វើកំណាយ មើលគំនរដី ដែលកប់លើជញ្ជាំងថ្ម បាយក្រៀម ដោយ មានការគូរប្លង់ ឱ្យបានត្រឹមត្រូវ មុន ពេលអនុវត្ត ហើយពេលនេះទៀត កំពុងរៀបចំ ដំឡើងទេវតា ទាញព្រ័ត្រនៅខ្លោងទ្វារ ខាងលិចបន្តទៀត ដែលការរៀបដំឡើង វាឡើងវិញនេះ ទាមទារនូវ ជំនាញច្បាស់លាស់ ហើយការជួសជុល លើកនេះយើងបាន អញ្ជើញអ្នកមាន ជំនាញដែល ធ្លាប់ ជួសជុល ប្រាសាទបាពួន ជាង ១០ឆ្នាំ មកហើយ ដើម្បីធានាថា ការជួសជុលនេះ គឺធ្វើតាមស្តង់ដារ ពិតប្រាកដ ហើយថ្មដែលយើង ត្រូវយកមក ជួសជុលនោះ គឺយើងយកមក ពីភ្នំគូលែន ។ គម្រោងជួសជុលនេះ ត្រូវបានសិក្សា តាំងពីឆ្នាំ ២០០០ មកម៉្លេះ និង ចាប់ផ្តើម ជួសជុលដំបូង នៅឆ្នាំ ២០០៦ ក្រោមការផ្តល់ ថវិកាពី រាជរដ្ឋាភិបាល ។ នៅពេលជួសជុល និង រុករក យើង បានរកឃើញ ក្បាលយក្ស ទាញព្រ័ត្រពីរនៅឆ្នាំ ២០០៩ ពីរទៀតនៅឆ្នាំ ២០១០ ហើយនៅឆ្នាំ ២០១១ យើងបាន រកឃើញក្បាល យក្សទាញព្រ័ត្រមួយ និង ព្រះកេសទេវតា មួយទៀត ។

លោក ស៊ុំ សារ៉ុន នាយកប្រតិបត្តិ គម្រោងជួសជុល ប្រាសាទបន្ទាយឆ្មារ បានឱ្យដឹងថា ការជួសជុលតួ ប្រាសាទ គឺស្ថិតនៅក្រោមការ ផ្តល់ជំនួយរបស់អង្គការ ក្រៅរដ្ឋាភិបាល មកពីសហរដ្ឋអាមេរិក តាមអនុស្សរណៈ ដែលបានចុះ ហត្ថលេខា បាន ចាប់ ផ្តើមឆ្នាំ ២០០៨ និង បញ្ចប់រយៈពេល ៥ ឆ្នាំ គឺនៅចុងឆ្នាំ ២០១២ ខាងមុខនេះ ដែលត្រូវចំណាយ ប្រាក់អស់ជាង ១ លានដុល្លារ នៅក្នុងគម្រោង ដែលត្រូវអនុវត្ត រយៈពេល ៥ ឆ្នាំនោះមាន គម្រោងពីរសំខាន់ៗ ។

គម្រោងទី ១ គឺការជួសជុលថែវទី ៣ ខាងត្បូង និង ខាងកើតមាន ប្រវែង ២៥ ម៉ែត្រ, គម្រោងទី ២ ជួសជុលប៉មទី ១៨ ដែលត្រូវការជួយ សង្គ្រោះបន្ទាន់ ព្រោះវាជិត ដួលរលំទៅហើយ ក្រៅពីនេះមាន គម្រោងតូចៗ ជាច្រើនទៀត ដើម្បីជួយដល់ ប្រាសាទ ដូចជា ការជួសជុល ស្ពានហាល ផ្លូវចូលខាងកើត ធ្វើប្រព័ន្ធលូបង្ហូរទឹក កុំឱ្យដក់ក្នុងប្រាសាទ និង គម្រោង តូចៗជាច្រើនទៀត ដែលត្រូវបញ្ចប់ ចុងឆ្នាំ ២០១២ ខាងមុខនេះ ។

នៅពេលចប់ គម្រោងនេះ យើងសង្ឃឹមថា អង្គការក្រៅរដ្ឋាភិបាល អាមេរិក នឹងបន្តគម្រោង រយៈពេល ៥ ឆ្នាំទៀត ដើម្បី សម្រេចទិសដៅ ការជួសជុល ថែវខាងលិច និង ខាងត្បូង ព្រះ លោកេស្វរៈ ធ្វើរានហាល នៅគ្រប់ផ្លូវចូល និង រៀបចំចម្លាក់នៅ គ្រប់ ផ្លូវចូល ទាំងអស់ ។

ប្រាសាទបន្ទាយឆ្មារ គឺជារាជធានីបុរាណមួយ ដ៏សំខាន់នៅក្នុង រចនាបថបាយ័ន ដែលជាស្នាព្រះហស្ត របស់ ព្រះបាទជយវរ្ម័នទី ៧ នាចុងសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ ហើយក៏ជាប្រាសាទ មួយសម្រាប់ ឧទ្ទិសដល់ ព្រះរាជបុត្រ របស់ព្រះអង្គ ដែលបាន សោយទិវង្គតនៅពេល ធ្វើសឹកសង្គ្រាម ជាមួយចាម ។ ម៉្យាងវិញទៀត ប្រាសាទនេះ ក៏ជាប្រាសាទមួយ ដ៏ល្បីល្បាញ មានទីតាំង នៅចម្ងាយប្រមាណ មួយរយដប់គីឡូម៉ែត្រ ភាគពាយព្យ នៃរាជធានីអង្គរ គឺស្ថិតនៅជិត ជួរភ្នំដងរែក ក្នុងភូមិ បន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

ប្រាសាទបន្ទាយឆ្មារ មានប្រាសាទ រណបប្រាំបី នៅតាមទិសធំៗទាំងបួន ។ នៅទិស ខាងត្បូង មានប្រាសាទតាព្រហ្ម ប្រាសាទតាផ្លាំង នៅទិសខាងលិច មានប្រាសាទ តាណែម និង ប្រាសាទ សំណាងតាសុខ នៅទិសខាងជើង មានប្រាសាទយាយគុំ និង ប្រាសាទចិញ្ចឹមត្រី នៅទិសខាងកើត មានប្រាសាទតាអឹម ប្រាសាទយាយជូ និង មាន បារាយណ៍ទឹកមួយ នៅពីខាងកើត មានទំហំប្រាំបីរយម៉ែត្រ គុណនឹង មួយពាន់ប្រាំពីររយ ម៉ែត្រ ហើយនៅចំកណ្តាល មានប្រាសាទ មេបុណ្យ ។ ប្រាសាទរណប នៅ ទិសខាងកើត ពុំរត់ត្រង់គ្នា តាមទិសទេ គឺមានតែប្រាសាទតាអឹម ស្ថិតនៅចំអ័ក្សលិចកើត ចំណែក ប្រាសាទយាយជូ ស្ថិតនៅទិសអាគ្នេយ៍ នៃប្រាសាទកណ្តាល ប្រមាណពីររយហាសិប ម៉ែត្រពីស្ពានហាល មុខខាងត្បូង ហើយប្រាសាទនេះ ឃ្លាតពី ប្រាសាទតាផ្លាំង តែដប់ប្រាំម៉ែត្រ ប៉ុណ្ណោះ ពីរបងនីមួយៗ ។ ដូចបាន រៀបរាប់ហើយ ក្នុងចំណោមប្រាសាទ រណបទាំងប្រាំបី នៅបន្ទាយឆ្មារ មានប្រាសាទបួន ដូចគ្នាទាំងរូបរាង និង ការរៀបចំ បរិវេណប្រាសាទ ទាំងមូល ។ តាមការស្រាវជ្រាវ របស់ លោក អឹម សុរិទ្ធី បញ្ជាក់ថា ប្រាសាទរណបពីរៗ នៅតាមទិសនីមួយៗ មានលក្ខណៈដូចៗគ្នា ប្រាសាទទីមួយជាមន្ទីរ ពេទ្យ ចែកថ្នាំសង្កូវ និង ប្រាសាទមួយទៀត ជាអគារព្យាបាលអ្នកជំងឺ តាមបែបសាសនា ។ មន្ទីរពេទ្យ បានសាងក្នុងរជ្ជកាល ព្រះបាទ ជយវរ្ម័នទី ៧ គឺមានលក្ខណៈ ដូចប្រាសាទផ្លាំង ប្រាសាទតាអឹម ប្រាសាទយាយគុំ និង ប្រាសាទតាណែម ។ ទ្រង់ទ្រាយដូច ប្រាសាទនេះ មានឈ្មោះថា អារោគ្យសាលា ជាភាសាសំស្ក្រឹត ដែលសម្គាល់ថា ជាមន្ទីរពេទ្យ ។ ប្រាសាទនេះមាន រូបរាងជា តួប៉ម មុខព្រហ្មមួយ មានថែវភ្ជាប់ទៅ ខ្លោងទ្វារខាងកើត ហ៊ុមព័ទ្ធដោយ កំពែងថ្មបាយក្រៀម និង មានខ្លោងទ្វារ តូចមួយពីលិច នៅជ្រុងអាគ្នេយ៍ មានបណ្ណាល័យមួយ សាងអំពីថ្មបាយក្រៀម លាយថ្មភក់ ។ នៅទិសឦសាន ក្រៅពី កំពែងទីមួយ មានស្រះ ទឹកមួយ ហើយទីធ្លាទាំងនេះ ហ៊ុមព័ទ្ធដោយ កំពែងថ្មបាយក្រៀម មួយជាន់ទៀត និង មានខ្លោងទ្វារ លិចកើត ទៀតផង ប៉ុន្តែខ្លោងទ្វារ ខាងកើត ប្រាសាទតាផ្លាំង ពុំឃើញមាន ថ្មនៅសល់ទេ ៕

Advertisements

Categories: ទេសចរណ៍