កីឡាករ​១០​រូប​ដែល​ត្រូវ​តាម​ដាន​នៅ​អង់គ្លេស​រដូវ​កាល​ថ្មី​នេះ​

ប្រភពៈ​sabay.com.kh ផ្សាយ​ក្នុង​ផ្នែក​ ព័ត៌មានកីឡា 

រដូវ​កាល​ថ្មី ២០១១-២០១២​ នៅ​អង់គ្លេស​ជិត​ចាប់​ផ្ដើម​ហើយ ក្រុម​ទាំង​២០​នៅ​លីក​កំពូល​នេះ​កំពុង​សម្រួច​ក្រុម​របស់​ខ្លួន​ដោយ​ការ​ចំណាយ​ទឹក​ប្រាក់​លើ​កីឡាករ និង​គ្រូ​បង្វឹក​យ៉ាង​ខ្ជះខ្ជាយ។ មិន​ថា​ប្រិយមិត្ត​បាន​តាម​ដាន​ជុំ​វិញ​ការ​ផ្លាស់​ប្ដូរ​កីឡាករ​នៅ​អង់គ្លេស​ដែរ​ឬ​ទេ? ជា​មួយ​នឹង​ការ​ចំណាយ​យ៉ាង​សន្ធឹកសន្ធាប់​នេះ តើ​ក្រុម​ណា​នឹង​មាន​កីឡាករ​កំពូល​ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​អ្នក​វិភាគ​កីឡា​នៅ​រដូវ​កាល​ថ្មីនេះ?

ដើម្បី​ចាប់​ផ្ដើម​ទស្សនា​រដូវ​កាល​ថ្មី​ទាំង​អស់​គ្នា​ជា​មួយ​នឹង​ចំណុច​ដែល​ត្រូវ​ចាប់​អារម្មណ៍​នៅ​លីក​កំពូល​របស់​អង់គ្លេស​ Sabay សូម​បង្ហាញ​វត្តមាន​កីឡាករ​១០​រូប​ដែល​នឹង​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​សម្រាប់​រដូវកាល​នេះ៖

លំដាប់​លេខ​១០

រំលឹកដAston Villa ឆ្លង​កាត់​ព្យុះ​ភ្លៀង​នៅ​រដូវ​ក្ដៅ​យ៉ាង​ដំណំ។ ក្លិប​បាន​តែងតាំង​លោក Alex Mc Liesh ជា​អ្នក​ចាត់​ការ​ថ្មី​មុន​ពេល​លក់​តារា​ Ashley Youn ទៅ​ Manchester United ក្នុង​តម្លៃ​២៥​លាន​ផោន​ក្រោយ​មក​ទៀត​គឺ​ការ​ចាក​ចេញ​របស់​ Stewart Downing ទៅ​កាន់​ Liverpool ក្នុង​តម្លៃ​១៨​លាន​ផោន។ នៅ​ក្នុង​ហានិភ័យ​របស់​ក្លិប​នារដូវ​កាល​ថ្មី​នេះ​គេ​រំពឹង​ថា​ Barry Bannan នឹង​ដើរ​តួនាទី​សំខាន់​សម្រាប់​ Aston Villa ។ ខ្សែ​បម្រើ​កណ្ដាល​វ័យ​២១​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​អតីត​អ្នក​ដឹក​នាំ​ក្លិប​ប្រៀបធៀប​ទៅ​នឹង​ខ្សែ​បម្រើ​កណ្ដាល​របស់ Barcelona Andres Inesta ដោយសារ​ទេពកោសល្យ​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​របស់​គេ។

លំដាប់​លេខ៩

រំលឹក​ពី​អតីតកាល​របស់ Chris Smallingពេល​នៅ Fulham គេ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ​វាល​ស្មៅ​ញឹកញាប់​ទេ។ កាល​ពី​ខែ​មករា​ឆ្នាំ​២០១០ បិសាច​ក្រហម​បាន​ទិញ​ខ្សែ​ការពារ​នេះ ​ដោយ​មិន​បង្ហើម​អោយ​ដឹង​ពី​តម្លៃ​ខ្លួន។ ខ្សែ​ការពារ​វ័យ​២១​ឆ្នាំ​រូប​នេះ​បង្ហាញ​ខ្លួន​ពេញ​មួយ​រដូវ​កាល​អោយ​បិសាច​ក្រហម​ក្រោម​ការ​ដឹក​នាំ​របស់ Sir Alex Ferguson​ដោយ​៣៣​ប្រកួត​គេ​​អាច​រក​បាន​មួយ​គ្រាប់​ក្នុង​តួនាទី​ជា​ខ្សែ​ការពារ។ សម្រាប់​រដូវ​កាល​ថ្មី ២០១១ -២០១២ ដែល​បិសាច​ក្រហម​ត្រូវ​ការពារ​តំណែង​ជើង​ឯក​នោះ បទពិសោធន៍​និង​ការ​ចូល​រួម​របស់ Smalling ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ខណៈ​ដែល Rio Ferdinand កាន់​តែ​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ។

លំដាប់​លេខ៨

Daniel Sturridge វ័យ​២១​ឆ្នាំ​គេ​ចូល​មក​តោខៀវ​តាំង​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ ប៉ុន្តែ​ក្រោយ​ពី​ចេញ​ពី Manchester City ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​តស៊ូ​ដើម្បី​រក​ឱកាស​បង្ហាញ​ខ្លួន។ កាល​ពី​រដូវ​កាល​កន្លង​ទៅ​នេះ​តោខៀវ​បាន​អោយ​អោយ Sturridge ទៅ Bolton ខ្ចី​ជើង​ចាប់​ពី​ខែ​មករា។ តារា​ខ្សែ​ប្រយុទ្ធ U-21 របស់​អង់គ្លេស​រូប​នេះ​ពិត​ជា​ធ្វើ​បាន​ល្អ​គួរ​អោយ​ភ្ញាក់​ផ្អើល​ដោយ​បង្ហាញ​ខ្លួន​១២​ប្រកួត​គេ​អាច​រក​បាន​៨​គ្រាប់​អោយ​ក្រុម​របស់​លោក Owen Coyle។ អ្នក​ជំនាញ​ជា​ច្រើន​ជឿ​ថា Sturridgeមាន​សក្ដានុពល​ក្នុង​ការ​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រចាំ​រដូវ​កាល​២០១១-២០១២។

លំដាប់​លេខ៧

ខ្សែ​បម្រើ​អន្តរជាតិ​របស់​អាមេរិក​ដែល​ឆ្លង​កាត់​រដូវ​កាល​២០១០-២០១១ ជា​មួយ Boltonយ៉ាង​ជោគជ័យ​ក្រោម​ការ​ដឹក​នាំ​របស់​លោកOwen Coyle រូប​នេះ​ជា​ចំណាប់​អារម្មណ៍​យ៉ាង​ពិសេស​ក្នុង​ខ្សែ​ភ្នែក​អ្នក​វិភាគ​បាល់​ទាត់​នៅ​ក្នុង​រដូវកាល​ថ្មី​នេះ។ បើ​ទុក​ជា​ខ្សែ​បម្រើ​រូប​នេះ​ចូល​រួម​ជា​មួយ Bolton បាន​ត្រឹម​តែ​ពាក់​កណ្ដាល​រដូវ​កាល​ដោយ​សារ​របួស​ក្បាល​ជង្គង់​យ៉ាង​ណា​ក្ដី បំណង​ប្រាថ្នា​និង​ទេពកោសល្យ​របស់​គេ​ក្នុង​ការ​បង្ហាញ​ខ្លួន​របស់​គេ​នៅ​រដូវ​កាល​នេះ ពិត​ជា​ក្ដី​សង្ឃឹម​យ៉ាង​មុត​មាំ​របស់ Bolton។

លំដាប់​លេខ៦

ខ្សែ​ការពារ​សញ្ជាតិ​ស្វីស Philipe Senderosដែល​ទើប​នឹង​ជា​ពី​របួស​ក្នុង​រដូវ​កាល​ដ៏​សែន​ត្រដាបត្រដួស​រូប​នេះ ទី​បំផុត​អាច​ត្រឡប់​មក​ទម្រង់​លេង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​វិញ ហើយ​មាន​មហិច្ឆតា​ក្នុង​ការ​បង្ហាញ​វត្តមាន​សម្រាប់​រដូវ​កាល​ថ្មី​នៅ​អង់គ្លេស។ ប្រិយមិត្ត​នៅ​អង់គ្លេស​ក៏​នៅ​តែ​មិន​ភ្លេច​អនុស្សាវរីយ៍​កាល​ដែល​ខ្សែ​ការពារ​រូប​នេះ​បង្ហាញ​ខ្លួន​៦០​ប្រកួត​អោយ​កាំភ្លើង​ធំ Asenal ប្រកប​ដោយ​ជោគជ័យ​ផង​ដែរ។

លំដាប់​លេខ៥

អ្នក​ចាំ​ទី​វ័យ​២២​ឆ្នាំ Simon Mignolet បង្ហាញ​ខ្លួន​បាន​២៣​ប្រកួត​អោយ​ឆ្មា​ខ្មៅ Sunderlanជា​មួយ​នឹង​ជោគជ័យ​ដែល​ក្រុម​ឈរ​នៅ Top Ten ក្នុង​លីក​របស់​អង់គ្លេស។ អ្នក​ចាំទី​លំដាប់​អន្តរជាតិ​របស់​បែលហ្ស៊ិក​រូប​នេះ​នឹង​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​ដើរ​តួ​នាទី​ជា​ក្ដី​សង្ឃឹម​ និង​ជម្រើស​ទី​មួយ​របស់ Sunderland។

លំដាប់​លេខ៤

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឌីវ័រ​បាន​ក្លាយ​ជា​កីឡាករ​ទី​​មួយ​ដែល​លោក Arsene Wengerចុះ​កុងត្រា​ជាមួយ​ក្នុង​រដូវ​ក្ដៅ​នេះ​ពី​ក្រុម​យក្ស​របស់​បារាំង OSC Lille ក្នុង​តម្លៃ​១០,៥​លាន​ផោន។ ពឹង​ផ្នែក​លើ​ទេពកោសល្យ​ក្នុង​ការ​វាយ​លុក​យ៉ាង​រហ័ស​របស់​គេ កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​រំពឹង​ថា នឹង​ចូល​រួម​ជា​មួយ​កាំភ្លើង​ធំ​ជា​ជម្រើស​១១​នាក់​ដំបូង។ Gervinho បាន​ជួយ​អោយ Lille ទទួល​បាន​ជើង​ឯក​នៅ​បារាំង​ជា​លើក​ទី​មួយ​ក្នុង​រយៈ​ពេល​៥៧​ឆ្នាំ​ចុង​ក្រោយ​នេះ។ គេ​បង្ហាញ​ខ្លួន​៥៣​ប្រកួត​រក​បាន​១៨​គ្រាប់​ និង​ជួយ​បាន​១០​គ្រាប់។

លំដាប់​លេខ៣

ខ្សែ​ប្រយុទ្ធ​ដែល​ទទួល​បាន​ឯតទគ្គកម្ម​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ដោយ​៤៨​ប្រកួត​អាច​រក​គ្រាប់​បាល់​បាន​៤៩​គ្រាប់​អោយ​ក្លិប​យក្ស​នៅ​ហុល្លង់ Ajax កាល​ពី​រដូវ​កាល​២០០៨-២០០៩​រូប​នេះ បាន​សាក​ល្បង​សមត្ថភាព​នៅ​អង់គ្លេស​ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​បន្ទាប់​ពី​ចុះ​កុងត្រា​ជា​មួយ​ហង្សក្រហម Liverpooll ក្នុង​តម្លៃ​២២,៨​លាន​ផោន។ Suarez បង្ហាញ​ខ្លួន​នៅ​អង់គ្លេស​១៣​ប្រកួត​និង​រក​បាន​៤​គ្រាប់​។ ហង្ស​ក្រហម​នឹង​ពឹង​ផ្អែក​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ​វ័យ​២៤​ឆ្នាំ​រូប​នេះ​សម្រាប់​រដូវ​កាល​២០១១-២០១២។

លំដាប់​លេខ២

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​របស់​សេណេហ្គាល់​អាច​មក​បង្ហាញ​ខ្លួន​នៅ​ទឹក​ដី​អង់គ្លេស​បាន​ក្រោយ​ពី​ជោគជ័យ​គួរ​អោយ​កត់​សម្គាល់​នៅ​អាល្លឺម៉ង់​៤​រដូវ​កាល។ សម្រាប់​រដូវ​កាល​ថ្មី​នេះ​សារិកា​ព្រៃ Newcastle អាច​នាំ Demba Ba មក​ពី West Ham បាន​ក្នុង​កិច្ច​សន្យា​បី​រដូវ​កាល។ Ba គឺ​ជា​ក្ដី​សង្ឃឹម​របស់ Newcastleបន្ទាប់​ពី​ការ​ចាក​ចេញ​របស់ Andy Carroll ទៅ​កាន់ Liverpool ក្នុង​តម្លៃ​៣០​លាន​ផោន។

លំដាប់​លេខ១

ថ្ងៃ​ច័ន្ទ​ទី​២៧​ឆ្នាំ​២០១០​គឺ​ជា​ថ្ងៃ​ដ៏​សោក​សៅ​ពេល​ដែល Asenal ផ្ដួល Stoke City ក្នុង​លទ្ធផល​៣-1។ វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ​ដែល Arsenal ចាត់​ទុក​ថ្ងៃ​ជោគជ័យ​របស់​ខ្លួន​ជា​ថ្ងៃ​ដ៏​ក្រៀមក្រំ​បំផុត​ក្រោយ​ពី​បាត់​បង់​ខ្សែ​បម្រើ​កណ្ដាល​ដោយសារ​របួស​ជើង​ស្ដាំ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​សម្រាប់​រដូវកាល​ថ្មី​នេះ​ក្រុម​អ្នក​វិភាគ​ជឿ​ថា Aaron Ramsey នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ទីតាំង​របស់ Cesc Febregas។


Advertisements

Categories: កីឡា