ហេតុអ្វី​ត្រូវ​មាន Drive “D”?

ប្រភពៈ sabay.com.kh

ដោយ​កង្វះខាត​ចំណេះដឹង​ផ្នែក IT អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​មាន​ចម្ងល់​ថា​ហេតុអ្វី​គេ​មិន​ប្រើ​តែ Drive “C” មួយ​បាន​ហើយ​ ចាំបាច់​ត្រូវ​មាន Drive “D” និង Drive ផ្សេងៗ​ធ្វើ​អ្វី? ហើយ​អ្នក​ខ្លះ​យល់​ថា Drive “D” នេះ​កើត​ឡើង​ដោយ​ខ្លួន​ឯង​ហើយ​ត្រូវ​តែ​មាន​វា​ជា​ដាច់​ខាត ប៉ុន្តែ​មិន​ដឹង​ថា​វា​មាន​ផល​ប្រយោជន៍​អ្វី? ទំព័រ​នេះ Sabay សូម​បើក​ទំព័រ​មួយ​ដើម្បី​លាត​ត្រដាង​រាល់​ចម្ងល់​ទាំង​នេះ។

ក្នុង​ការ​ចង្អុល​បង្ហាញ​លើ​ចម្ងល់​របស់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​សាស្ត្រាចារ្យ​បង្រៀន​ជំនាញ​ព័ត៌មានវិទ្យា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ទទួល​បន្ទុក​ដឹក​នាំ​ក្រុម​ប្រចាំ​គេហទំព័រ Wikipedia ខ្មែរ​រៀបរាប់​ថា ចំពោះ Drive “D” មិនមែន​កើត​ឡើង​ដោយ​ខ្លួន​ឯង​នោះ​ទេ គឺ​រាល់​ពេល​ដែល​គេ​ដំឡើង Windows គេ​ត្រូវ​បែងចែក​ឧបករណ៍​ផ្ទុក​ទិន្នន័យ(Hard Disk)ជា Drive ផ្សេងៗ​គ្នា​ដោយ​គេ​ចាំ​បាច់​ត្រូវ​តែ​មាន Drive “C” និង “D” ជា​ដាច់ខាត

ការ​បង្កើត​ជា Drive ទាំង​ពីរ​នេះ​លោក​បន្ត​ថា គេ​មិន​អាច​បង្កើត​តែ Drive “C” មួយ​នោះ​ទេ​ព្រោះ​ថា​ប្រសិន​បើ​គេ​បង្កើត Drive តែ​មួយ​ ​មាន​ន័យ​ថា​គេ​នឹង​ដាក់​ឯកសារ​រួម​គ្នា និង​ច្របូកច្របល់​ក្នុង​ការ​ផ្ទុក​​ឯកសារ ហើយ​មិន​តែ​ប៉ុណ្ណោះ​ពេល​មាន​ការ​យាយ៉ី​ពី​មេរោគម្ដងៗ​ទិន្នន័យ​ទាំង​នោះ​មិន​អាច​សង្គ្រោះ​បាន ហើយ​Data ទាំង​នោះ​ក៏​ត្រូវ​បាត់បង់។

ករណី​ប្រសិន​បើ​មាន Drive ពីរ​គឺ​មាន​ន័យ​ថា ឯកសារ​នៅ Drive “D” មិន​មាន​ការ​ប៉ះពាល់​អ្វី​ទាំងអស់​នៅ​ពេល​ដំឡើង Windows (Setup New Windows)ថ្មី​ពោល​គឺ​ឯកសារ​ទាំងអស់​នឹង​រក្សា​ទុក​នៅ​ក្នុង Drive “D” នោះ​រហូត លុះត្រាតែ Hard Disk ត្រូវ​បាន Format។

ក្រៅ​ពី​ការ​បាត់​ឯកសារ Drive “D” អាច​មាន​ផល​ប្រយោជន៍​មួយ​ទៀត​គឺ​ការ​មិន​ឆ្លង​ចូល​នៃ​មេរោគ ព្រោះ​ថា​មេរោគ​ភាគច្រើន​ដែល​ចូល​មក​គឺ​សំដៅ​ទៅ​លើ Drive ណា​ដែល​ផ្ទុក Windows ដូចនេះ Drive “C” គឺ​ជា​គោលដៅ​ចម្បង​របស់​មេរោគ។ នៅ​ក្នុង​កុំព្យូទ័រ​មួយ​គេ​អាច​បង្កើត​ជា Drive ជា​ច្រើន​តាម​តម្រូវ​ចិត្ត​គឺ​អាស្រ័យ​លើ​ទំហំ Hard Disk នោះ​ទេ។

នៅ​លើ​ម៉ាស៊ីន​​មួយ​មិន​មែន​មាន​ន័យ​ថា គេ​អាច​បង្កើត​Drive បាន​តែ​មួយ​នោះ​ទេ គេ​អាច​បង្កើត​Drive ឈ្មោះ​ផ្សេង​ច្រើន​ជាង​មួយ​បាន។

Advertisements